ខេត្តស្វាយរៀង៖ លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋឃុំដូង ដែលជាម្ចាស់ឆ្នោតគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិជាធាតុ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងអស់លោកប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំដូងព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋចំនួន៣ពាន់នាក់ផងដែរ។
លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយមិនតែប៉ុណ្ណោះ យើងរស់បានរហូតដល់សព្វថ្ងៃនេះ ដោយគុណបំណាច់របស់គណបក្យជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិអោយរួចផុតពីសង្គ្រាមនិងធ្វើអោយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រផងដែរ។
លោកស្រីម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ លោកសៅ សុខា អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងលោកហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង និងក្រុមការងារដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមធ្វើការងារក្នុងការអភិវឌ្ឍន៏ និងផ្សះផ្សាលើសមិទ្ធផលទាំងឡាយ និងចូលរួមដោះស្រាយបញ្ហាទុក្ខកង្វល់ជំនួសប្រជាពលរដ្ឋដូច្នេះ ហើយបានជាលទ្ធផលនៅភូមិឃុំដូងរបស់យើង ទទួលបានជ័យជំនះនៅពេលនេះ ខណៈដោយមានកម្មវិធីនយោបាយរបស់គណបក្យប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍន៏ឃុំសង្កាត់មានទាំង១៣ចំណុចដែលបានដាក់ចេញ។
ក្នុងឱកាសនោះលោកស្រី សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទាំងអស់ក្នុងឃុំដូង ដែលបានបោះឆ្នោតជូនគណបក្យប្រជាជនកម្ពុជាហើយរហូតទទួលបានជោគជ័យផងដែរ។
បន្ទាប់ពីបញ្ចប់កម្មពិធីក៏មានបាយសាមគ្គីពិសាជុំគ្នានិងមានរាំលេងកំសាន្តយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលប៉ផុត។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញប្រកាសផ្លូវការស្ដីពីលទ្ធផល នៃការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងឃុំដូង ស្រុករមាសហែក ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះលើគណបក្សសង្គ្រោះជាតិ ចំនួន២សំឡេង គឺ២,៦១១សំឡេង ទល់នឹង ២,៦០៩សំឡេង ៕ យឹម សុថាន