ភ្នំពេញៈ មុខសញ្ញាដែលឧស្សាហ៍លួចទ្រព្យនិងផ្លែឈើក្នុងផ្សារ ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានក្រុមអាជីវករលក់ផ្លែឈើនៅផ្សារនាគមាសចាប់បានវាយម្នាក់មួយដៃមួយជើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង ផ្លូវចូលផ្សារនាគមាស ស្ថិតក្នុងសង្កាត់ផ្សាដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រុមអាជីវករ បានឲ្យដឹងថា កន្លងមកពួកគាត់ និងអ្នកមកដើរទិញអីវ៉ាន់នៅផ្សារនាគមាសតែងតែបាត់របស់របរជាញឹកញាប់ តែមិនដែលចាប់បាននោះទេ។លុះមក ថ្ងៃកើតហេតុស្រាប់តែឃើញមុខក្រុមជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងគ្រឿងចូលមកផ្សារនាគមាស បំណងលួចទ្រព្យនិងផ្លែឈើម្តងទៀត តែត្រូវក្រុមអាជីវករតាមឃ្លាំមើល ពួកគេបម្រុងធ្វើសកម្មភាពលួចទ្រព្យនៅទីនោះក៏ចាប់បានម្នាក់អាយុជាង៣០ឆ្នាំក្នុងចំណោម៣នាក់ រួចនាំគ្នាវាយមួយដៃមួយជើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកបក្ខពួក២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុភ្លាមៗតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងហេតុហើយនាំខ្លូនជនសង្ស័យទៅ ប៉ុស្តិ៍នគរបាលផ្សារដើមគ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕ ប្រាថ្នា