ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩យប់ កំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក បានទទួលព៌តមាន ពីករណីមនុស្សដួលកាំជណ្ដើរស្លាប់នៅក្នុងផ្ទះសំណាក់ ហង្សនាគ ដែលមានទីតាំងផ្ទះលេខ ១៦៣ អា ផ្លូវ២៦៥ ក្រុមទី ២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ មិញ ឈិន ភេទប្រុស អាយុ៦៦ ឆ្នាំជនជាតិខ្មែរ មុខរបរ គ្រូបង្គោល អង្គការសេដាក ស្នាក់នៅភូមិ ពញ្ញាអង្គ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។
តាមការបំភ្លឺរបស់ឈ្មោះ សៅ អឿន ភេទប្រុស អាយុ៥៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្គោលអង្គការសេដាក មានស្រុកកំណើត ជាមួយសព បានអះអាងថា ៖ នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ១១ : ០០នាទី ជនរងគ្រោះ និងខ្លួនបានមកពីស្រុកកំណើត មកភ្នំពេញ ក្នុងគោលបំណងមកសិក្ខាសាលា នៅអង្គការសេដាកនៅម្ដុំទួលស្លែងមកដល់ភ្នំពេញ ជនរងគ្រោះ និងខ្លួនបានមកជួលបន្ទប់លេខ ១០៩ ផ្ទះសំណាក់ ហង្សនាគ ផ្លូវ២៦៥ ក្រុមទី២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លុះដល់ម៉ោងប្រហែល ២០ : 00នាទី ជនរងគ្រោះឈ្មោះ មិញ ឈិន បានចេញពីបន្ទប់ផ្ទះសំណាក់មកអង្គុុយលេង នៅខាងក្រៅ រហូតដល់ម៉ោងប្រហែល ២០ : ១៥ នាទី ស្រាប់តែឈ្មោះ សុិន គន្ធា និង ឈ្មោះ ចាប សៅ ជាគ្រូបង្គោលអង្គការសេដាកជាមួយគ្នាបានឡើងមកបន្ទប់ជួលខ្លួន ក៏ឃើញជនរងគ្រោះដេកនៅក្បែរកាំជណ្ដើរឡើងផ្ទះសំណាក់ហើយក៏ផ្អើលឆោរឡោរ ពេលនោះម្ចាស់ផ្ទះសំណាក់ក៏ហៅពេទ្យមកពិនិត្យគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ហើយ រួចក៏រាយការប្រាប់សមត្ថកិច្ចចុះទៅពិនិត្យតែម្ដង ។
ឆ្លងតាមការបំភ្លឺ របស់ឈ្មោះ ទិត្យ ស៊ីណាត ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាប្អូនស្រីរបស់សព បានអះអាងថា៖ ជនរងគ្រោះ មានជំងឺបេះដូង និងជំងឺលើសឈាមប្រចាំកាយ ដោយលេបថ្នាំជាប់ជាប្រចាំ ។
តាមការពិនិត្យរបស់លោក ឧកញ៉ា វិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ជនរងគ្រោះ សព ស្លាប់ដោយសារការគាំងបេះដូង ។
បច្ចុប្បន្នសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិ ពញ្ញាអង្គ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ៕ស តារា