ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡុចស៊ីសមីនី បើកបុករថយន្តរ៉េងរ៉ូវែ បណ្ដាលឲ្យរងការខូចខាង ហើយទុកយូពេកត្រូវម៉ូតូក្មេងស្ទាវដេញវៃគ្នាមកបុកបន្ថែមទៀតខូចខាតទាំង៣គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅស្ទុបដេអិន ខណៈដែលមានរថយន្តឡុចស៊ីសមីនី បានបើកបរយ៉ាងលឿន ជ្រុលចង្កូតទៅបុករថយន្តម៉ាករ៉េងរ៉ូវែ កំពុងបត់ឆ្លងផ្លូវទៅចំហៀងកង់ក្រោយ បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតទាំងសងខាងយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។

គ្រោះនេះ បានបង្កឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបដេអិន (ផ្លូវកម្ពុជាក្រោម កែងផ្លូវ២១៥ ) ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ7មករា រាជធានីភ្នំពេញ។

តាមសម្ដីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តម៉ាក រ៉េងរ៉ូវែ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Q-4823 បើកដោយនារីម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីជើងមកត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចស្ទុបដេអិនក៏បានបត់ឆ្វេងឆ្លងផ្លូវ ហើយភ្លាមៗនោះដែរ ក៏មានរថយន្តបង្កម៉ាកឡុចសុីសមីនី ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2T-2526 បើកដោយបុរសម្នាក់ស្រវឹងស្រា និងធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្នផងនោះក៏ជ្រុលទៅបុករថយន្តម៉ាករ៉េងរ៉ូវែ ចំកង់ក្រោយចំហៀងខាងស្ដាំ បណ្ដាលឲ្យរថយន្តម៉ាករ៉េងរ៉ូវែ វេគូទរថយន្តជាង៣ម៉ែត្របណ្ដាលឲ្យរងការខូចខាត ។

ចំណែករថយន្តបង្កម៉ាកឡុចស៊ីសមីនីវិញ បានផ្លោងបន្តទៅមុខប្រហែល៥០ម៉ែត្រ ទើបអស់ល្បឿន និងដាច់កាឡែកង់មុខផ្នែកខាងស្ដាំយ៉ាងដំណំផងដែរ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កឡុចស៊ីសមីនី បានចុះគេចខ្លួនបាត់ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានពន្យារពេលជាង១ម៉ោងទុករថយន្តរងគ្រោះ និងរថយន្តបង្កនៅកន្លែងកើតហេតុ រួមទាំងមិនបានដាក់របស់អ្វីជាសម្គាល់នៅកន្លែងកើតហេតុ ដែលធ្វើឲ្យមានយុវជន២នាក់ជិះម៉ូតូម៉ាក ហង់ដាឌ្រីម សេរី2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនៈគីរី 1B-4558 បានឌុបគ្នាតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើតយ៉ាងលឿន ព្រោះតែមានក្មេងស្ទាវមួយក្រុមប្រមាណ៥នាក់ជិះម៉ូតូដេញវៃ ដោយធ្វើឲ្យយុវជន២នាក់ភិតភ័យនិងជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តរងគ្រោះម៉ាក រ៉េងរ៉ូវែ ចំពីកង់ពីចំហៀងមុខខាងឆ្វេងបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាតទាំងម៉ូតូ និងរថយន្ត ហើយធ្វើឲ្យយុវជនរងគ្រោះជាម្ចាស់ម៉ូតូរងរបួសបែកមុខមាត់ផងដែរ ។

ក្រោយមកទើបសមត្ថកិច្ចវាស់វែង ស្ទួចយករថយន្តបង្ក និងរថយន្តរងគ្រោះ រួមទាំងម៉ូតូ១គ្រឿងទៀត ដែលជិះបុករថយន្តរងគ្រោះ យកទៅរក្សាទុកនៅស្នងការនៃការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំភាគីទាំង៣ ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕ ស រស្មី


ចែករំលែក៖