ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនតៃកុងនិងព្រូរថយន្ត២នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរថយន្តម្នាក់ និង ព្រូរថយន្តម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចរកឃើញមានឧបករណ៍សម្រាប់ជក់គ្រឿងញៀននៅក្នុងរថយន្ត ។

ការឃាត់ខ្លួននេះ គឺបានធ្វើឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

អ្នកបើកបរថយន្ត និង ព្រូរថយន្តដែលសមត្ថកិច្ចឃាត់ខ្លួនម្នាក់ឈ្មោះ ហ៊ូ សួរ ភេទប្រុសអាយុ៤១ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ម្នាក់ទៀត មានឈ្មោះ សុខ ពៅ ភេទប្រុស អាយុ២២ឆ្នាំ ជាព្រូរថយន្តរស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មូលហេតុនៃការឃាត់ខ្លួន គឺជនសង្ស័យទាំងពីរនាក់បានបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បុករបង ក្រោយពី ឆែកឆេរសមត្ថកិច្ច បានរកឃើញឧបករណ៍សម្រាប់ជក់គ្រឿងញៀន នៅក្នុងរថយន្តរបស់ជនសង្ស័យ ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា អ្នកបើកបរនិងព្រូរថយន្តបានប្រើប្រាស់គ្រឿងញៀន និងបានឃាត់ខ្លួនយកទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្តិ៍រកសារធាតុញៀន ។

ក្រោយពីធ្វើតេស្តិ៍បានបង្ហាញថា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន និង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖