ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកយន្តហោះចិនធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន PLA Daily របស់ចិនបាន ផ្សាយថា ក្រុមនាវាចម្បាំង និងនាវាផ្ទុក យន្តហោះរបស់ចិនបានត្រៀមលក្ខណៈធ្វើសង្គ្រាម ដោយបានចាប់ផ្តើមធ្វើសមយុទ្ធនៅតំបន់សមុទ្រក្បែរកោះតៃវ៉ាន់។ ការធ្វើសមយុទ្ធនេះក្រោយពេលដែលអាមេរិក បានសម្រេចលក់អាវុធឲ្យកោះតៃវ៉ាន់ជាលើកដំបូងក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ក្រុមនាវាចម្បាំង និងនាវាផ្ទុកយន្តហោះរបស់ចិននឹងទៅកាន់កោះហុងកុងនៅថ្ងៃទី៧ ខែកក្កដា ខាងមុខ បន្ទាប់ពី បញ្ចប់ការធ្វើសមយុទ្ធ។ នៅក្នុងការធ្វើ សមយុទ្ធនោះ មានអាវុធទំនើបៗ និងនាវា ចម្បាំងជាង១០០គ្រឿងចូលរួម ហើយ យុទ្ធសាស្រ្តធ្វើសមយុទ្ធ មានយន្តហោះ ចម្បាំង J-15 បានហោះហើរ និងចុះចតនៅលើនាវាផ្ទុកយន្តហោះទៀតផង។

ក្រុមអាកាសយានិកយន្តហោះចម្បាំង J-15 បានឲ្យដឹងថា សមត្ថភាពរបស់ពួកគេកាន់តែប្រសើរពេលបំពេញការងារនៅលើនាវាផ្ទុកយន្តហោះពេលចុះចត និងហោះ ហើរ ពេលមានអាកាសធាតុប្រែប្រួល។

លោក Gao Zhaorui មេបញ្ជាការក្រុមនាវាចូលរួមធ្វើសមយុទ្ធបានឲ្យដឹងថា «គោលដៅនៃការហ្វឹកហាត់នេះដើម្បីត្រួតពិនិត្យទៅលើចំណុចខ្វះខាត ដើម្បីបំពេញការងារឲ្យបានល្អពេលមានសង្គ្រាមពិត កើតឡើង»។

សកម្មភាពធ្វើសមយុទ្ធរបស់កម្លាំង ទាហានជើងទឹកចិនក្នុងពេលដែលកោះតៃវ៉ាន់ទិញអាវុធពីអាមេរិកដោយមានតម្លៃ ជាង១ពាន់លានដុល្លារ។ ការទិញអាវុធ នោះ បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងពីចិន ដីគោកខ្លាចកោះនេះមានសមត្ថភាពយោធាគ្រប់គ្រាន់ និងមានការគាំទ្រពីអាមេរិក ហើយប្រកាសឯករាជ្យទៅជាប្រទេសមានអធិតេយ្យ ផ្តាច់ខ្លួនចេញពីចិន។

រដ្ឋាភិបាលទីក្រុងប៉េកំាងបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពលក់អាវុធទៅឲ្យកោះតៃវ៉ាន់ពីសំណាក់អាមេរិក។ សកម្មភាពទាំងនោះនឹងធ្វើឲ្យទំនាក់ទំនងអាមេរិកចិនប្រឈមមុខតានតឹងដាក់គ្នា៕ ម៉ែវ សាធី


ចែករំលែក៖