ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ពេលស្រវឹងសា្រប៉ងសម្លាប់ខ្លួនរហូតដល់៣ដងទើបសម្រេច

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់អាយុ៤២ឆ្នាំពេលស្រវឹងសា្រប៉ងសម្លាប់ខ្លួនរហូត៣ដង់ ទើបបានសម្រេច ស្លាប់ចោលប្រពន្ធ និងកូន​ប្រុស ចំនួន ៣នាក់ នៅក្នុងបន្ទុក ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រៃជាប់មាត់ត្រពាំងតាវៀន ខាងកើតផ្ទះចម្ងាយប្រហែល៦០ម៉ែត្រ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមការរៀបរាប់ពីប្រពន្ធ ជនរងគ្រោះឈ្មោះ ផន ស៊ីម អាយុ៣៨ឆ្នាំ បានប្រាប់ថា ប្ដីខ្ញុំ ឈ្មោះ សេង លាង អាយុ៤២ឆ្នាំ មុខរបរលក់នំបុ័ង​សាច់នៅតាមដងផ្លូវ មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រុមទី២ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មានកូន​ ប្រុស៣នាក់នៅក្នុងបន្ទុក ជាគ្រួសារក្រីក្រ សព្វថ្ងៃបានអង្គការជួយផ្គត់ផ្គង់ មុនពេលកើតហេតុប្ដីខ្ញុំ បានរុញរទេះ ទៅលក់នំបុ័ង ព្រឹក ល្ងាចៗ ដូចសព្វមួយដង ពេលលក់អស់ នាងខ្ញុំ ក៏ជិះ​ម៉ូតូ​មកផ្ទះមុន ទុករទេះឱ្យគាត់រុញ​មក​តាមក្រោយ ខណៈបាត់គាត់យូរពេក នាងខ្ញុំ ក៏​ទៅតាមរក ក៏ឃើញកំពុងផឹក​ស្រាជា​មួយមិត្តភក្ភិនៅផ្ទះជួល ខ្ញុំក៏រុញរទេះមកផ្ទះមុន ស្រាប់តែគាត់ខឹងជេរខ្ញុំ រហូតដល់ផ្ទះ រួច​យក​ឈើទល់រទេះ​មកវាយខ្ញុំមួយឈើ នៅវេលាម៉ោង​៨និង១៥នាទីយប់ រហូតដល់ម៉ោង៩និង៣០នាទី គាត់​ដើរចេញពីផ្ទះ ហើយកូនៗនិងអ៊ុំ​ម្ចាស់​ផ្ទះ ក៏បានដើររកដែរ ប៉ុន្តែរកមិនឃើញ ក៏នាំ​គ្នា​ត្រឡប់មកវិញ។ លុះព្រឹកឡើង ស្ត្រីអ្នករើសអេតចាយឈ្មោះ ឱក រឿនបាន ប្រទះឃើញប្តីខ្ញុំចងកសម្លាប់ខ្លួននឹងក្រមា ចម្រុះពណ៌ទៅនឹងដើមស្នាយ រួចរត់ទៅប្រាប់អ្នកភូមិៗក៏រាយការណ៍ដល់សមត្ថកិច្ច ទើបផ្អើលឆោឡោឡើង ។

ប្រពន្ធជនរងគ្រោះបានបញ្ចាក់ថា​កន្លងមក ក្រុមគ្រួសារខ្ញុំធ្លាប់មានរឿងរកាំរកូសជាច្រើនដងហើយ ប៉ុន្តែបំណងដែលប្ដីខ្ញុំប៉ុនប៉ងសម្លាប់ខ្លួនពេលដែលស្រវឹងស្រានោះ មកដល់ថ្ងៃនេះមានចំនួន៣ដងហើយ លើកទី១ និង ទី២ ខ្ញុំតាមទាន់ក៏នាំគាត់មកផ្ទះវិញ។

ក្រោយពីកាត់ក្រម៉ាទម្លាក់សាកសពមកដល់ដីសមត្ថកិច្ចក៏ធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ពុំមានករណីឃាត​កម្មអ្វីនោះទេ រួចប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖