ព័ត៌មានទាន់ហេតុការណ៍៖

សេះ Waichi គ្រងជើងឯកជាថ្មីក្នុងព្រឹត្តិការណ៍ប្រណាំងសេះនៅវិហារសួគ៌

ចែករំលែក៖

ខេត្តកណ្តាល ៖ បន្ទាប់ពីដណ្ដើមបានជើងឯក ពានរង្វាន់ពាក់កណ្ដាល រដូវកាល អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារអាមេរិក និងអវត្តមានពីទីលានរយៈពេល២ខែមក សេះ ឈ្មោះ Waichi បានបង្ហាញវត្តមានជាថ្មី នៅក្នុងព្រឹត្តិការណ៍ប្រណាំងសេះដណ្ដើម ពានរង្វាន់ SCT Sport Comlex ប្រចាំខែកក្កដា ដោយដណ្ដើមបានតំណែងជើងឯកទៀតផង ស្របពេលដែល គូប្រជែងដ៏សំខាន់របស់ខ្លួន គឺសេះឈ្មោះ LV អវត្តមានពីទីលានប្រកួត ២ខែចុងក្រោយជាប់ៗគ្នា។

ព្រឹត្តិការណ៍ប្រចាំខែលើទឹកដី ឃុំវិហារសួគ៌ ខេត្តកណ្តាលនេះ នៅតែទទួលបានការគាំទ្រ យ៉ាងច្រើនពីប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អភិវឌ្ឍន៍ 7NG ជាពិសេស ការប្រណាំងសេះក្រុម A ដែលជាពូជសេះ នាំចូលពីបរទេសតែម្ដង ដោយខែកក្កដានេះ មានសេះ៧ក្បាលចូលរួម។

ជាលទ្ធផលចំណាត់ថ្នាក់លេខ១ បានទៅសេះឈ្មោះ Waichi, ចំណាត់ថ្នាក់លេខ២ បានទៅសេះឈ្មោះ Carino ដែលជាអតីតសេះជើងឯក ប្រចាំខែមិថុនា និងចំណាត់លេខ៣ បានទៅសេះឈ្មោះ Belly ។ ដោយឡែកសេះ ឈ្មោះ LV ដែលជាជើងខ្លាំង និងធ្លាប់គ្រងជើងឯក៤ខែ នាដើមឆ្នាំ២០១៧នេះ បានអវត្តមានជាលើកទី២ នៅខែមិថុនា និងខែកក្កដានេះ។

ទោះបីជាយ៉ាងណាអ្នកគាំទ្រនៅតែទន្ទឹងរង់ចាំសេះឈ្មោះ LV មកចូលរួមការប្រកួតជាមួយ សេះ Waichi ដើម្បីឆ្ពោះទៅការប្រកួតដ៏សំខាន់នាចុងឆ្នាំ២០១៧ ដែលជាការប្រកួតប្រជែងដ៏អស្ចារ្យ និងមានប្រាក់រង្វាន់រហូតដល់ទៅ២៥.០០០ដុល្លារអាមេរិកនៅខែធ្នូ ខាងមុខ ៕ សារីម


ចែករំលែក៖