ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកបុករថយន្តព្រូសពីក្រោយបណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង ត្រូវបានរថយន្តហាយឡែនឌ័របើកមកបុកពីក្រោយទាំងកម្រោលយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងសងខាង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះអូរឫស្សី ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ តាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-0517 បានបើកបរតាមបណ្ដោយផ្លូវភ្លោះអូរឫស្សី ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-6810 បានបើកបរទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលចង្កូតទៅបុករថយន្តព្រូសចំកង់ក្រោយខាងឆ្វេង បណ្ដាលឲ្យដាច់ការឡែម្ខាងរងការខូចខាតយ៉ាងដំណំ ។ ចំណែកឯរថយន្តហាយឡែនឌ័រ ក៏បានដាច់កង់មុខផ្នែកខាងស្ដាំហូសទៅមុខប្រហែល៥០ម៉ែត្រទើបអស់ល្បឿនឈប់ ។

ក្រោយពេលកើតភ្លាមៗ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នាមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ដោយរថយន្តបង្កម៉ាកតូយ៉ូតាហាយឡែនឌ័រ ព្រមសងការខូចខាតទៅលើរថយន្តរងគ្រោះម៉ាកតូយ៉ូតាព្រូសចំនួន150$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង ៕ ស រស្មី


ចែករំលែក៖