ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ចាប់ឈើគ្រញូងបាន លែងដុតចោលហើយលក់ឡៃឡុងម្តង

ចែករំលែក៖

គេខ្សឹបថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះ ប្រចាំការនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ឈើគ្រញូងបានជាង៣០០គីឡូក្រាម ហើយឥឡូវនេះកំពុងប្រកាសលក់ឡៃឡុង បន្ទាប់ពីកាលពីលើកមុន សមត្ថកិច្ចនៅតំបន់ក្បែរនោះ ក៏ចាប់បានឈើគ្រញូងមួយចំនួនដែរ ហើយឈើគ្រញូងនោះ ត្រូវបានដុតបំផ្លាញ នាំឲ្យមានការរិះគន់ជាខ្លាំង ។ លើកក្រោយនេះ សមត្ថកិច្ចចម្រុះប្រចាំការនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់បានឈើ គ្រញូងលែងដុតចោលទៀតហើយ គឺប្រកាសលក់យកលុយវិញម្តង ។

ប្រភពបានឲ្យដឹងថា ឈើគ្រញូងដែលចាប់បាន ត្រូវបានប្រកាសលក់ក្នុងតម្លៃ១គីឡូក្រាម ប្រហែល១៨ដុល្លារអាមេរិក នៅគ្រាដែលតម្លៃទីផ្សារនៅតំបន់នោះឈើគ្រញូង១គីឡូក្រាម ប្រហែល១១ឬ១២ដុល្លារតែប៉ុណ្ណោះ ។ ប្រភពពីអ្នករកស៊ីឈើបាននិយាយថា ការលក់ឈើបែបអាថ៌កំបាំងរបស់សមត្ថកិច្ចចម្រុះនៅស្រុកវាលវែងនោះ វាថ្លៃពេកហើយ គឺថ្លៃជាងទីផ្សារឆ្ងាយណាស់ ដូច្នេះគេលំបាកក្នុងការរកម៉ូយទិញ ។ ប្រភពបានបន្ថែមថា ក្រុមមន្ត្រីសមត្ថកិច្ចចម្រុះ នៅស្រុកវាលវែង កំពុងរកម៉ូយទិញឈើគ្រញូង មិនមែនសម្រាប់តែឈើដែលគេចាប់បានថ្មីៗនេះទេ ។

សមត្ថកិច្ចចម្រុះមានទាំងក្រុមមន្ត្រីបរិស្ថានផងនោះ ត្រូវបានប្រភពអះអាងថា ពួកគេកំពុងរីករាយយ៉ាងខ្លាំងក្នុងការបង្ក្រាបបទល្មើស ពីព្រោះតែឈើដែលចាប់បាន អាចនឹងឃុបឃិតគ្នាលក់យកលុយបានយ៉ាងស្រួល ។ មិនតែប៉ុណ្ណោះ តម្លៃឈើដែលពួកគេលក់ខ្ពស់ជាងទីផ្សារទៀតផង ។ ប៉ុន្តែមន្ត្រីតូចតាចនៅក្នុងចំណោមសមត្ថកិច្ចចម្រុះ ដែលចុះបង្ក្រាបបទល្មើសអះអាងថា ឈើដែលចាប់បាន បើលក់មែននោះបានលុយតែមេធំៗប៉ុណ្ណោះ ឯកូនចៅមិនបានអ្វីទេ ៕


ចែករំលែក៖