ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងនិងអាមេរិក ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត បន្ទាបពីកូរ៉េខាងជើងសាកល្បងមីស៊ីលឆ្លងទ្វីប

ចែករំលែក៖

កូរ៉េខាងត្បូង និងអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃទី៥ ខែកក្កដា ដែលជាការ ព្រមាណដល់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ។

សម្ពន្ធមិត្តយោធាអាមេរិក និងកូរ៉េខាងត្បូង បានបាញ់មីស៊ីលជាច្រើនគ្រាប់ នៅក្នុងការធ្វើសមយុទ្ធ ក្នុងនោះមានមីស៊ីលHyunmoo-2A ផលិតដោយបច្ចេកវិទ្យាកូរ៉េខាងត្បូងផ្ទាល់ និងមីស៊ីលATCMS របស់កម្លាំងទាហានអាមេរិក ដោយបាញ់ចេញទៅសមុទ្រភាគខាងកើត។

មីស៊ីល Hyunmoo-2A ជាប្រភេបាញ់បានចម្ងាយ៣០០គីឡូម៉ែត្រ ចំណែក ATCMS របស់អាមេរិកជាប្រភេទ វាយប្រហារពីដីទៅលើគោលដៅនៅលើដីដ៏ទំនើប អាចបំផ្លាញទីតាំងនានារបស់កូរ៉េខាងជើង។

ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតខាងលើ គឺធ្វើតាមការបញ្ជារបស់ប្រធានាធិបតី មូន ជេអីន ។ ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថា កម្លាំងទាហានទាំងពីរចាំបាច់ត្រូវតែមានសកម្មភាព ពិតប្រាកដ ក្នុងការធ្វើសង្គ្រាម និងជាការត្រៀមលក្ខណៈទប់ទល់នឹងវាយប្រហារ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីកូរ៉េខាងត្បូងបានស្នើដល់ ប្រធានាធិបតីដូណាល់ ត្រាំ បញ្ជូនទីព្រឹក្សាយោធាមកកាន់កូរ៉េខាងត្បូងទៀតផង។

កម្លាំងទាហានអាមេរិក ក៏បានប្រកាសផងដែរថា នឹងបញ្ជូនអាវុធទំនើបមកទីនេះដើម្បីទប់ស្កាត់ សកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង។ មេបញ្ជាការ កងកម្លាំងទាហានអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបានឲ្យដឹងថា «ការហាត់សម គឺដើម្បីការវាយប្រហារព្រមគ្នាទៅលើគោលដៅជាច្រើនក្នុងពេលតែមួយនៅលើទឹកដីកូរ៉េខាងជើង បំផ្លាញអាវុធទំនើបៗរបស់ប្រទេសនេះ ។ ទាំងនោះហើយ ទើបអាចទប់ស្កាត់ ការវាយបកពីកូរ៉េខាងជើងវិញ។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើនោះដែរ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែកក្កដានេះ បានមានប្រសាសន៍ថា លោកយល់ឃើញថា មានភាពអាចទៅរួចដ៏ខ្ពស់បំផុត ដែលប្រទេសកូរ៉េខាងជើង នឹងធ្វើតេស្តិ៍នុយក្លេអ៊ែរលើកទី៦ បន្ទាប់ពីការបាញ់តេស្តិ៍ មីស៊ីលផ្លោងឆ្លងទ្វីប ទទួលបានជោគជ័យ ជាលើកដំបូងរបស់ខ្លួន ។

ជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាមួយរូបថា តើលោកជឿថា កូរ៉េខាងជើង នឹងធ្វើតេស្តិ៍នុយក្លេអ៊ែរឆាប់ៗនេះដែរ ឬក៏អត់នោះ លោករដ្ឋមន្ត្រីការពារជាតិ ហាន មីនកូ បានប្រាប់សភាថា គោលដៅចម្បង របស់កូរ៉េខាងជើង គឺការសម្រេចបាននូវអំណាច នុយក្លេអ៊ែររបស់ខ្លួន ដូច្នេះគាត់យល់ឃើញថា នឹងមានឱកាសខ្ពស់បំផុត ដែលការធ្វើតេស្តិ៍នុយក្លេអ៊ែរ នឹងកើតឡើង ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែរកមិនឃើញ សញ្ញាខុសប្រក្រតី នៃការរៀបធ្វើតេស្តិ៍នោះនៅឡើយ ។

គួរបញ្ជាក់ផងដែរថា ប្រទេសកុម្មុយនីស្តកូរ៉េខាងជើង បាននិយាយថា ខ្លួនទើបបានធ្វើតេស្តិ៍មីស៊ីលផ្លោង ទើបអភិវឌ្ឍថ្មីមួយ កាលពីថ្ងៃអង្គារ ដែលអ្នកជំនាញខ្លះ មានជំនឿថា មីស៊ីលផ្លោងឆ្លងទ្វីបថ្មីនេះ គឺពិតជាមានសមត្ថភាព អាចវាយប្រហារដល់ផ្នែកខ្លះ នៃទឹកដីសហរដ្ឋអាមេរិក ៕ ម៉ែវ សាធី


ចែករំលែក៖