ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ចុះបង្រ្កាបក្រុមក្មេងទំនើងមួយក្រុម ដែលធ្វើសកម្មភាពទំនាស់វាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរបួសបែកក្បាល និងបែកក្បាំងម៉ូតូ និងកុងទ័រម៉ូតូ កាលពីវេលាម៉ោងប្រហែល ២០និង២០នាទី ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៧ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៦៩ ផ្លូវ២៣៧ ក្រុមទី៣៧ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោកស្ដើង សារិទ្ធ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ បានឲ្យដឹងថា ក្រុមក្មេងស្ទាវដែលបង្ករឡើងដោយជនសង្ស័យ ៖
ក្រុមទី១៖ ឈ្មោះ សាម ទិ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះលេខ ៣៣B ផ្លូវ២២៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ឈ្មោះ សាម ស៊ីវ៉ន ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះលេខ ៣៣B ផ្លូវ២២៩ សង្កាត់ផ្សារដេបូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឈ្មោះ ប៉ោ ឆវី ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះលេខ ៣៣ B ផ្លូវ២២៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចំណែកឯទំនាស់ជាមួយក្រុមទី២៖ ឈ្មោះ ស្រួន រ៉ូហ្វីន ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះលេខ ៣១ ផ្លូវ២០២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ឈ្មោះ ស្រួន រ៉ូហ្វី ភេទប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះលេខ៣១ ផ្លូវ២០២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ឈ្មោះ អុឹម តុង ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះលេខ ៣១ ផ្លូវ២០២ សង្កាត់ផ្សារដេបូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ឈ្មោះ ឃន សីហា ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះលេខ ៣១ ផ្លូវ២០២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឈ្មោះ គីម ឆាយ ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
លោក ស្តើង សារិទ្ធ បានបន្តទៀតថា នៅមុនពេលកើតហេតុឈ្មោះ ស្រួន រ៉ូហ្វីន បានដើរមកផឹកកាហ្វេ នៅហាង លីលី ស្រាប់តែក្រុមឈ្មោះ សាម ទិ ឈ្មោះ សាម សុីវ៉ន និងឈ្មោះ ប៉ោ ឆវី បានដើរមកសួរឈ្មោះ ស្រួន រ៉ូហ្វីន ហេតុបានជាធ្វើមុខឌឺដាក់ខ្លួនអញ្ចឹង ហើយក្រុមឈ្មោះ សាម ទិ ក៏បានវាយទៅលើឈ្មោះ ស្រួន រ៉ូហ្វីន មួយដៃ រួចឈ្មោះ ស្រួន រ៉ូហ្វីន ក៏ដើរទៅហាងកាហ្វេ លីលី ដើម្បីជួបក្រុមខ្លួន ឈ្មោះ ស្រួន រ៉ូហ្វី ឈ្មោះ អុឹម តុង និងឈ្មោះ ឃន សីហា ដែលកំពុងអង្គុយផឹកកាហ្វេនៅទីនោះស្រាប់ ពេលនោះ ឈ្មោះ ស្រួន រ៉ូហ្វីន និងឈ្មោះ ស្រួន រ៉ូហ្វី បានទូរស័ព្ទទៅប្រាប់ឈ្មោះ គីម ឆាយ ដែលត្រូវជាបងថ្លៃរបស់ខ្លួនថាមានគេរកវាយខ្លួននៅហាងកាហ្វេ លីលី ចេញទៅផ្ទះមិនរួចទេ ភ្លាមនោះ ឈ្មោះ គីម ឆាយ បានបបួលមិត្តភ័ក្ត្រខ្លួន០២នាក់ឈ្មោះ សូ និងឈ្មោះ រឿន ដើរចេញពីយានដ្ឋាន ហេង ងួន ក្នុងគោលបំណងទៅយកប្អូននៅហាងកាហ្វេ លីលី គ្រាន់តែឈ្មោះ គីម ឆាយ និងមិត្តភ័ក្រ្តដើរមកដល់ផ្លូវ២០២ កែង ២៣៧ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ស្រាប់តែក្រុមឈ្មោះ សាម ទិ ឈ្មោះ សាម សុីវ៉ន និងឈ្មោះ ប៉ោ ឆវី ដែលអង្គុយផឹកក្បែរនោះ បានយកកំប៉ុងស្រាបៀរ , ដុំថ្ម និងដែកទីប វាយនិងគប់ទៅលើក្រុមឈ្មោះ គីម ឆាយ បណ្ដាលឲ្យរបួសបែកក្បាល ឈ្មោះ គីម ឆាយ ហើយក្រុមឈ្មោះ គីម ឆាយ ក៏បានវាយកុងទ័រ និងក្បាំងម៉ូតូស្កុបពីររបស់ក្រុមឈ្មោះ សាម ទិ បណ្ដាលឲ្យបែក ក្បាំង និងបែក កុងទ័រ ហើយក្រុមទាំងពីរក៏បានវាយគ្នាទៅវិញទៅមក ក្រោយមកក៏មានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ចុះមកឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ តែម្ដង ។
ក្រោមកិច្ចសម្របសម្រួលពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញតិឲ្យ ឈ្មោះ គីម ឆាយ ត្រឡប់ទៅផ្ទះវិញដើម្បីព្យាបាលរបួសក្បាល ចំណែកជនសង្ស័យចំនួន០៧នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា