ខេត្តកណ្តាលៈ ស្ត្រីជាអ្នកជំងឺម្នាក់បានស្លាប់ពេល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចអគារព្យាបាលជំងឺទូរទៅមន្ទីរពេទ្យជ័យជំនះ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គុន ស៊ីដេត ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការីនីរោងចក្រកាត់ដេរ មានទីលំនៅភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ ។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាស្ត្រីមេម៉ាយកូនមួយ ស្ត្រីរូបនេះមានជំងឺបេះដូងប្រចាំកាយតាំងពីតូចមកម្ល៉េះ រហូតមានដល់បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះមានជំងឺទឹកនោមប្រៃបន្ថែមទៀត ។ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះត្រូវបានជំងឺធ្វើទុក្ខខ្លាំង ទើបអ្នកជិតខាងជួយហៅរ៉ឺម៉កកង់បីដឹកចេញពីផ្ទះជួលនៅសង្កាត់ព្រែកហូរ មកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ។ ពេលមកដល់ស្ថានភាពជំងឺជនរងគ្រោះធ្វើទុក្ខខ្លាំង ទើបក្រុមគ្រូពេទ្យសម្រេចចិត្តព្យូសេរ៉ូមត្រៀមដឹក ចេញទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ តែជាអកុសលមិនទាន់បានលើកជនរងគ្រោះដាក់លើរថយន្តសាមុយផងនោះ ស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
ចំពោះករណីនេះក្រុមគ្រួសារបានទទួលស្គាល់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺ មិនមែនមកពីក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់នោះទេ ។ សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ