ព័ត៌មានទាន់ហេតុការណ៍៖

មេព្រៃពាក់ព័ន្ធឃុបឃិតគ្នាជាមួយមេឈ្មួញឈើដឹកបំផ្លាញផ្លូវ បាក់ស្ពាន ត្រូវបានចៅហ្វាយខេត្តក្រចេះដកតំណែង

ចែករំលែក៖

ខេត្តក្រចេះ៖ នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ លោក ប៊ុយ រតនា ត្រូវបានអភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក ស ចំរុង ស្នើសុំឲ្យមានការផ្លាស់ប្តូរកន្លែងបំពេញការងារ ឬដកតួនាទី ខណៈបានពាក់ព័ន្ធទៅនឹងសកម្មភាពរបស់ឈ្មួញដឹកឈើល្មើសច្បាប់ និងផ្ទុកធ្ងន់បំផ្លាញផ្លូវបាក់ស្ពាន មិនតែប៉ុណ្ណោះ មេព្រៃរូបនេះបានផ្គើនយ៉ាងខ្លាំងទៅនឹងបទបញ្ជារបស់លោកអភិបាលខេត្តបញ្ជាឲ្យទប់ស្កាត់ និងព័ទ្ធចាប់រថយន្តដឹកឈើបណ្តាលឲ្យបាក់ស្ពាននោះ ។

មេឈ្មួញ នី និងប្តីឈ្មោះ អាត មួយសប្តាហ៍កន្លងទៅនេះ បានដឹកជញ្ជូនឈើល្មើសច្បាប់ និងបណ្តាលឲ្យបាក់ស្ពាន នៅចំណុចអូរក្រៀង (ស្ពានអង្ក្រង) ក្នងនោះ លោក ស ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបញ្ជាឲ្យផ្នែករដ្ឋបាលខេត្តក្រចេះ ចាត់វិធានការក្នុងរឿងនេះ ប៉ុន្តែដើម្បីប្រយោជន៍សេដ្ឋកិច្ច មិនត្រឹមតែគ្មានវិធានការឃាត់ចាប់នោះប៉ុណ្ណោះទេ មេព្រៃរូបនេះថែមទាំង ផ្តល់ដំណឹងឲ្យមេឈ្មួញ នី អាត នាំកម្មករដឹកឈើចេញពីកន្លែងកើតហេតុ ដឹកជញ្ជូនចេញ បន្តទៅលក់នៅវៀតណាម ទើបបង្កើតឲ្យមានការរិះគន់យ៉ាងខ្លាំងក្លា ។

ករណីនេះ លោកស ចំរុង អភិបាលខេត្តក្រចេះបានបញ្ជាទៅកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តចាត់វិធានការចាប់ រថយន្តដឹកឈើបំផ្លាញស្ពាន ហើយនៅថ្ងៃនេះ ទី៥ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីសាលាខេត្តអះអាងថា នាយផ្នែករដ្ឋបាលព្រៃឈើលោក ប៉ុយ រតនា ត្រូវបានដកតំណែង ក្នុងនោះមានការគាំទ្រផងដែរពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ។

គួររំលឹកថា មេឈ្មួញឈើដ៏ធំប្រចាំខេត្តក្រចេះ គឺ នី អាត ប្រើរថយន្តយីឌុបធ្វើជាមធ្យោបាយដឹកជញ្ជូន ប្រមូលទិញគ្រប់ទិសទី ប្រភេទឈើធ្នង់ និងកកោះយកទៅប្រទេសវៀតណាមតាមច្រករបៀង របស់អង្គភាពវរៈ២០៤ ស្រុកស្នួល ខេត្តក្រចេះ ក្នុងមួយយប់យ៉ាងតិចចំនួន២គ្រឿងយីឌុប ប្រមូលទិញក្នុងខេត្តក្រចេះផង និងខេត្តស្ទឺងត្រែងដឹកតាមទូក ឡើងមកស្រុកសំបូរ ខេត្តក្រចេះ ។ ក្រៅពី នី អាត នៅខេត្តក្រចេះនេះ ក៏មានឈ្មួញឈ្មោះ សារឿន និងអ្នកគ្រូ ធីតា បានដឹកឈើប្រើប្រាស់ឡានយីឌុបនេះដូចគ្នា បន្ទាប់ពីបង់ប្រាក់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័ន ដែលពួកគេ ចំណាយប្រាក់ទិញទឹកចិត្តអស់លោកដែលមានតួនាទីបង្ក្រាប រហូតដល់ភូមិសាស្ត្រខេត្តក្រចេះនេះ ក្លាយជាភូមិសាស្ត្រឈើឆ្លងកាត់យ៉ាងអនាធិបតេយ្យប្រមាណជិត២ខែកន្លងមកនេះ ៕ សុខ ខេមរា


ចែករំលែក៖