ព័ត៌មានទាន់ហេតុការណ៍៖

ក្លែងឯកសារប្រមុខរាជរដ្ឋាភិបាលលក់ដីរដ្ឋជាង៥៩ម៉ឺនដុល្លារត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចាប់ខ្លួនបុរសជា នាយកក្រុមហ៊ុនម្នាក់ ដែលជាប់ពាក់ព័ន្ឋនឹងករណី ក្លែងឯកសារសាធារណៈ យកដីរបស់នាយកដ្ឋានរុក្ខាប្រមាញ់ និងនេសាទ ទៅលក់ ក្នុងតម្លៃជាង៥០ម៉ឺនដុល្លារអាមេរិក រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនិតិវិធី កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នេះ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសរូបនោះឈ្មោះ ហង្ស វណ្ណនី ភេទប្រុស អាយុ៥៥ឆ្នាំ ជានាយកក្រុមហ៊ុនហង្សវណ្ណនី អ៊ឹមផតអ៊ិចផត ខូអិលធីឌី ត្រូវបាន លោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការលើសំណុំរឿងនេះតាមនីតិវិធី ។

មន្រី្តដដែលបានឲ្យដឹងទៀតថា ការឃាត់ខ្លួននាយកក្រុមហ៊ុននោះដោយសារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ លោក ហង្ស វណ្ណនី ក្នុងនាមនាយកក្រុមហ៊ុនហង្សវណ្ណនី អ៊ឹមផតអ៊ិចផត ខូអិលធីឌី បានបង្ហាញលិខិតរបស់ក្រសួងកសិកម្ម ដែលមានចំណាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការប្រគល់សិទិ្ឋឲ្យក្រុមហ៊ុនហង្សវណ្ណនី លក់ដីកម្មសិទិ្ឋរបស់នាយកដ្ឋានរុក្ខាប្រមាញ់ និងនេសាទ ដែលមានទីតាំងនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងតម្លៃ៤៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅឲ្យក្រុមហ៊ុនហេងលីលីគៀវ អ៊ឹមផតអ៊ិចផត ។លុះមកដល់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ឈ្មោះ ងួន ស៊ាង តំណាង ក្រុមហ៊ុនហេងលីលីគៀវ អ៊ឹមផតអ៊ិចផត មានការជឿទុកចិត្ត ហ៊ានទិញដីខាងលើនេះ រហូតឈានដល់កក់លុយជាង៣០ម៉ឺនដុល្លារ និងកក់ប្រាក់ជាបន្តបន្ទាប់ទៀត រហូតដល់ជាង៥០ម៉ឺនដុល្លារ ។

នៅពេលទទួលប្រាក់កក់នេះហើយ លោក ហង្ស វណ្ណនី បានរៀបចំឯកសារមួយចំនួន ដើម្បីយកទៅប្រគល់ឲ្យអ្នកទិញ ។ ប៉ុន្តែនៅពេលដែលអ្នកទិញ បានយកឯកសារទាំងអស់នេះ ទៅផ្ទៀងផ្ទាត់តាមស្ថាប័នជំនាញ ពាក់ព័ន្ឋនឹងធ្វើការផ្ទេរសិទិ្ឋដី របស់រដ្ឋមកជាដីកម្មសិទិ្ឋឯកជនវិញ ទើបដឹងថាសុទ្ឋតែក្លែងក្លាយទាំងអស់ ទើបក្រុមហ៊ុនហេងលីលីគៀវ អ៊ឹមផតអ៊ិចផត សម្រេចដាក់ពាក្យបណ្តឹងទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឲ្យឃាត់ខ្លួនបុរសនេះតែម្តង៕ ប្រាថ្នា


ចែករំលែក៖