ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍កម្ពុជាចាប់ដៃគូជាមួយវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានសម្រាប់ការអភិវឌ្ឍធនធានមនុស្សជំនាញទេសចរណ៍ និងការស្រាវជ្រាវវិធីសាស្ត្រទាក់ទាញទេសចរចិនឲ្យបានកាន់តែច្រើន

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Zhong Jiang Long នាយកវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានបានពិភាក្សាគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សជំនាញទេសចរណ៍កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងទេសចរណ៍ និងបានឯកភាពគ្នាលើចំណុចធំៗសំខាន់៣៖ ភាគីចិននឹងជួយក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងកម្មវិធីបណ្តុះបណ្តាលដល់វិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និងបង្កើតក្រុមការងាររវាងវិទ្យាស្ថានទេសចរណ៍នៃប្រទេសទាំងពីរដើម្បីរៀបចំការផែនការ ការសិក្សាស្រាវជ្រាវគោលនយោបាយ និងយុទ្ធសាស្រ្តល្អៗក្នុងការទាក់ទាញទេសចរចិន និងទេសចរអន្តរជាតិមកកម្ពុជាឲ្យកាន់តែច្រើន និងការសិក្សារួមគ្នារៀបចំបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អាស៊ាន ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា។

ដើម្បីឆ្លើយតបទៅនិងនិន្នាការនៃកំណើនទេសចរចិន និងទេសចរអន្តរជាតិ និងបំពេញតាមសេចក្តីត្រូវការប្រកបដោយការពេញចិត្តរបស់ភ្ញៀវទេសចរមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ លោក ថោង ខុន បានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងសេវាកម្មឲ្យល្អប្រកបដោយគុណភាពក្នុងឧស្សាហកម្មទេសចរណ៍ ដោយត្រូវការធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពពិតប្រាកដ បានយ៉ាងតិច ៤០% គ្រាដែលបច្ចុប្បន្ននេះ មានអ្នកកំពុងបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ប្រមាណ ៦២ម៉ឺននាក់ ហើយដើម្បីត្រៀមទទួលទេសចរណ៍៧លាននាក់នៅក្នុងឆ្នាំ២០២០ យើងត្រូវការធនធានមនុស្សបន្ថែមទៀតរហូតដល់ប្រមាណ ៨០ម៉ឺននាក់។ ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំភាគីចិនជួយដល់ការបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ភាសាចិនបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន មគ្គុទេសក៏ទេសចរណ៍និយាយភាសាចិននៅមានកម្រិតនៅឡើយទាំងបរិមាណ និងគុណភាព (ប្រមាណ៩០០នាក់)។

លោក Zhong Jiang Long នាយកវិទ្យស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានបានឯកភាព និងគាំទ្រចំពោះសំណូមពររបស់លោក ថោង ខុន ហើយ លោកនឹងស្នើសុំគោលការណ៍ពីអាជ្ញាធររដ្ឋាបាលខេត្តយូណាន និងគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ខេត្តយូណានដើម្បីបន្តជំរុញការងារនេះឲ្យបានឆាប់រហ័ស ពិសេសការរៀបចំបញ្ជូនគ្រូបណ្តុះបណ្តាលបង្គោលមកពីវិទ្យាស្ថានទេសចរណ៍ចិនមកសហការ និងជួយរៀបចំរចនាសម្ព័ន្ធបណ្តុះបណ្តាលនៃវិទ្យាស្ថានទេសចរណ៍កម្ពុជា។

ភាគីកម្ពុជា និងចិន នឹងបន្តពិភាក្សាគ្នាក្នុងការស្វែករងចំនុចរួមមួយការរៀបចំបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អាស៊ាន ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា ដោយភាគីចិនទទួលបន្ទុករ៉ាប់រងទាំងផ្នែកជំនាញ និងហិរញ្ញវត្ថុ។

ដើម្បីបន្តពង្រឹងទំនាក់ទំនង និងភាពជាដៃគូកិច្ចសហប្រតិបត្តិការល្អ លោក Zhong Jiang Long បានស្នើសុំឲ្យភាគីកម្ពុជាបញ្ជូនថ្នាក់ដឹកនាំ និងក្រុមការងារនៃវិទ្យាស្ថានទេសចរណ៍កម្ពុជាទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យជំនាញនៃវិទ្យស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន។

វិទ្យស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នស្វ័យយ័តចំនួនបី (ដែលស្ថាប័នពីរទៀតនៅក្នុងខេត្តគ័ងស៊ី) ដែលទទួលការងារទំនាក់ទំនង និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវទេសចរណ៍នៅក្នុងតំបន់អាស៊ាន ៕ ហេង សូរិយា


ចែករំលែក៖