ភ្នំពេញ៖ ហេង ចាន់វិសាល ជាតារាសម្តែង និងចម្រៀង បានរៀបចំពិធីខួបកំណើតគម្រប់វ័យ២៤ឆ្នាំរបស់ខ្លួន កាលពីរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ក្រោមវត្តមានភ្ញៀវជាង១០០នាក់ នៅភោជនីយដ្ឋាន Moon Light ។ ទោះជាយ៉ាងណាតារាប្រុសរូបនេះថ្លែងការសុំទោសទៅកាន់មិត្តរួមអាជីពដែលលោកមិន បានអញ្ជើញបានគ្រប់គ្នា ព្រោះតែមិនបានគ្រោងទុក។
សិល្បករជិតស្និទ្ធមួយចំនួនបានចូលរួមកម្មវិធីខួបកំណើតលោក ហេង ចាន់វិសាល ទោះមានភ្លៀងធ្លាក់ក្តី។ តារាសម្តែងរូបនេះបញ្ជាក់ថា មិនមានគម្រោងទុក ទើបខកខានក្នុងការអញ្ជើញភ្ញៀវជាអ្នកសិល្បករដែលបានស្គាល់គ្នា។ លោកថា អ្នកជិតដិតខ្លាំង និងសាច់ញាតិជាង១០តុប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ ភាគច្រើនហៅតាមហ្វេសប៊ុក និងទូរស័ព្ទដោយផ្ទាល់។ លោកបន្តថា បើអញ្ជើញអ្នកស្គាល់ទាំងអស់អាចនឹង៣០០ទៅ៤០០នាក់ ប៉ុន្តែលោករៀបចំមិនទាន់។ លោកថា ការជ្រើសរើសទីតាំងខាងលើដើម្បីប្រារព្វពិធីគឺ ព្រោះតែលោកជាអ្នកចម្រៀងប្រចាំក្រុមនៅទីនេះស្រាប់ផងដែរ។
តារាសម្តែងទទួលបានការកោតសរសើរខ្លាំងពីអ្នកទស្សនាក្នុងតួសម្តែងជាភេទទី៣ក្នុងរឿង«កំណត់ហេតុនាងនាថ» រូបនេះបន្តថា គ្រាន់តែជាការជួបជុំមិត្តភ័ក្កិ ហើយឆ្នាំក្រោយលោកអាចនឹងធ្វើធំជាងនេះ ប្រសិនបើលោកមានពេលគ្រប់គ្រាន់។ លោកថា ការងារសិល្បៈកាន់តែរីកចម្រើន ពិសេសក្រោយពេលលោកបន្តចេញថតឲ្យផលិតកម្មឥន្ទ្រានិម្មិតរឿង«សសរកន្លោង» ហើយបើឆ្នាំក្រោយការងារកាន់តែល្អលោកនឹងរៀបចំពិធីជួបជុំឲ្យកាន់តែពិសេសជាងមុន។
អ្វីដែលលោកបួង សួងនៅថ្ងៃនេះគឺសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារនិងសុំឲ្យការងារកាន់តែរីកចម្រើន ហើយលោកសន្យាថា នឹងបង្កើនសមត្ថភាពច្រៀង និងសម្តែងសម្រាប់បម្រើអារម្មណ៍ទស្សនិកជនបន្តផងដែរ៕ វឌ្ឍនា