ព័ត៌មានទាន់ហេតុការណ៍៖

៦ទៅ៧នាក់ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចនៅម្តុំមុខផ្ទះលោកប៉ូលិសខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ បទល្មើឆក់ផ្សេងៗ តាមផ្លូវសាធារណៈ នៅក្នុងខណ្ឌសែនសុខ ហាក់មានការកើនឡើងគួរឲ្យបារម្ភ ប៉ុន្តែមិនទាន់មានឃើញសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលាឡើយ ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ មានករណីឆក់កាបូបជំហៀងពីស្ត្រីម្នាក់បានសម្រេច ខណៈកំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ១០១៩ ម្តុំមុខផ្ទះមេប៉ូលីសខណ្ឌសែនសុខ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ យ៉ាត ផល អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីស្ត្រីរងគ្រោះបានប្រាប់ថា មុនកើតហេតុនាងជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let’s ពណ៌ ស ជាមួយប្អូនស្រីចេញមកពីផ្សារគោលបំណងទៅផ្ទះដោយជិះតាមផ្លូវ១០១៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យពី៦ទៅ៧នាក់ ជិះម៉ូតូមិនចាំម៉ាក មិនចាំស្លាកលេខ មកក្បែរធ្វើសកម្មភាពឆក់យកកាបូបស្ពាយជំហៀងរបស់គាត់បានសម្រេចហើយបើកគេចខ្លួនអស់។

ស្ត្រីដដែលបានប្រាប់ទៀតថា នៅក្នុងកាបូបនោះមានលុយខ្មែរ២៥ម៉ឺនរៀល ទូរស័ព្ទដៃ០២គ្រឿង (អាហ្វូនមួយគ្រឿង និងធម្មតាមួយគ្រឿង) ឯកសារមួយចំនួន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក។

ក្រោយកើតហេតុ ស្រ្តីរងគ្រោះខាងលើបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដើម្បីស្វែងរកមុខសញ្ញាខាងលើយកមកដាក់ទោសប៉ុណ្ណោះ ៕ តុង សីហា


ចែករំលែក៖