ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅពាក់កណ្ដាលផ្លូវពេលបញ្ជូនសង្រ្គោះ និងម្នាក់ទៀត បានរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយបាំងកន្លះ បុកគោយន្តដឹកឈើ ពេលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ម្តុំស្ពានដំណាក់ឈើក្រម ។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ម្តុំស្ពានដំណាក់ឈើក្រម ស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោងខាងលើមានករណីគ្រោះថ្នាក់កើតឡើង ១លើកបង្កឡើងដោយអ្នកបើកបរ(គេចខ្លួន)រថយន្តម៉ាក អុីស្សុយស្សុយ ចង្កូតស្ដាំ ប្រភេទមួយបាំងកន្លះ ពណ៏ស្លាប ពាក់ស្លាកលេខ(បណ្ដោះអាសន្ន) បន្ទាយមានជ័យ 2A 1931 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកគោយន្តកន្រ្តៃដឹកឈើទាំងកម្រោល បណ្ដាលឲ្យធ្លាក់ចូលស្នាមភ្លោះទាំងគោយន្តទាំងរថយន្តបង្ក ធ្វើឲ្យអ្នកបើកបរគោយន្តកន្រ្តៃរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗតែដោយរបួសធ្ងន់ពេលក៍បានស្លាប់នៅតាមផ្លូវ ចំណែកអ្នករួម(ព្រូគោយន្ត)គ្រាន់តែរបួសបន្តិចបន្ទួចប៉ុណ្ណុះ។
ប្រភពខាងលើបន្តថា ជនរងរបួស និង(ស្លាប់)បើកបរគោយន្តកន្រ្តៃដឹកឈើឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន និងអ្នករួមដំណើរឈ្មោះ ឌី ដន ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន សាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងរបួសបានទៅព្យាលដោយខ្លួនឯងព្រោះរលាត់ដៃជើងបន្តិចបន្ទួចតែប៉ុណ្ណុះ។
ប្រភពដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងរថយន្តបង្ក និងគោយន្តកន្រ្តៃដឹកឈើ សមត្តកិច្ចមន្រ្តីជំនាញកំពុងចាត់ចែងតាមនីតិវិធី ដើម្បីអូសទាញដឹកជញ្ជូនយកទៅរក្សាទុកជាបណ្ដោះអាសន្ន រងចាំធ្វើការវាសវែង និងដោះស្រាយគ្នាជាក្រោយ៕ ប៉ឹម ពិន