ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកព្រួសបើកបុកម៉ូតូបណ្តាលឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូ ហើយត្រូវរថយន្តបើកលឿនមកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅខាងលិចស្តុបផ្សារថ្មី ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រឹម សង់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញAC 7849 ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកព្រូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AO 0400 ធ្វើដំណើរមកពីក្រោយបានបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាលសន្លប់ស្តូកស្តឹង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖