ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដោយចោទពីបទពាក់ព័ន្ធរក្សាអាវុធខុសច្បាប់។ ករណីឃាត់ខ្លួនបុរសខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៨ និង១៥ នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលស្រុកក្រគរបានឲ្យដឹងថា បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សេង ផល អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការឃាត់ខ្លួននេះដោយសារជនសង្ស័យរក្សាអាវុធទុកនៅផ្ទះ ដោយពុំមានតួនាទីប្រើប្រាស់ដែលជាបញ្ហាខុសច្បាប់។
បុរសដែលរើសបានអាវុធមិនប្រគល់ឲ្យសមត្ថកិច្ចអះអាងថា កាំភ្លើងអាកាដែលគាត់រើសបាននេះ គឺពុំមានគ្រាប់នោះទេ ហើយលេខកាំភ្លើងក៏រលប់អស់ដែរ។ កាំភ្លើងនេះគាត់រឿសបានកាលពីអំឡុងខែមីនា ឆ្នាំ២០១៧ គ្រាដែលបណ្តើរឆ្កែរកសត្វនៅចំណុចហ៊ុងតាយាប (ស្រែអំពិល) ហើយក៏យកមកទុកនៅផ្ទះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅនគរបាលការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនៃស្នងការដ្ឋានមនគរបាលខេត្តដើម្បីបន្តនីតិវិធី៕ ប៉ឹម ពិន