ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ០៨:០០ សម្ដេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា អញ្ជើញដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាដោយមានរបៀបវារៈ ៖
1. ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងយោបល់លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ។
2. ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ខេមបូឌា អេនើជីII ឯ.ក ។
3. ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន អាឡិច ខបភើរេសិន ។
នៅក្នុងរបៀបវារៈទី១ បន្ទាប់ពីបានស្ដាប់ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្ដីទីព្រឹទ្ធសភា រាយការណ៍អំពីសំណើរបស់រដ្ឋសភា សុំឲ្យព្រឹទ្ធសភាពិនិត្យនិង ឲ្យយោបល់ដោយចាត់ទុកជាការប្រញាប់ លើសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងហេតុរបស់រដ្ឋសភា ស្របតាមមាត្រា១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ និងនីតិវិធីកំណត់ក្នុងប្រការ៣២នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ហើយសេចក្ដីស្នើច្បាប់នេះស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៦ព្រឹទ្ធសភា និងក្រោយពីបានស្ដាប់មតិពិភាក្សាផ្ដល់យោបល់របស់អង្គប្រជុំរួចមក អង្គប្រជុំបានអនុម័តចំនួន៨សម្លេង នៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ” យល់ព្រមលើទម្រង់នៃសេចក្ដីស្នើច្បាប់ និងប្រគល់ភារកិច្ចជូន គ.៦ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ” ។
ចំពោះរបៀបវារៈទី២ និងទី៣ បន្ទាប់ពីបានស្ដាប់ឯកឧត្តមអគ្គលេខាធិការស្ដីទី រាយការណ៍ជូនអំពីសំណើរបស់រដ្ឋសភា សុំឲ្យពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ចំនួន២ ដោយចាត់ទុកជាការប្រញាប់ និងដោយមានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងហេតុរបស់ច្បាប់នីមួយៗ ស្របតាមមាត្រា១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ និងនីតិវិធីកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ហើយអាស្រ័យដោយច្បាប់ទាំង២នេះស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៩ព្រឹទ្ធសភា និងដោយពុំមានយោបល់ពិភាក្សាបន្ថែម នោះអង្គប្រជុំក៏បានអនុម័តចំនួន៩សម្លេង នៃសមាជិកគណៈកម្មាធិការអចិន្រ្តយ៍ព្រឹទ្ធសភា យល់ព្រមលើទម្រង់នៃសេចក្ដីព្រាងច្បាប់ទាំង២ខាងលើ និងប្រគល់ភារកិច្ចជូនគ.៩ ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ។ អង្គប្រជុំបានបញ្ចប់ការងារស្របតាមរបៀបវារៈដែលបានគ្រោងទុក ៕ ហេង សូរិយា