ព័ត៌មានទាន់ហេតុការណ៍៖

វិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកកម្ពស់ការយល់ដឹងដល់ពលរដ្ឋក្នុងខេត្តបាត់ដំបង និងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ទោះជាមានសញ្ញាណវិជ្ជមាន ដែលបង្ហាញថា ដងផ្លូវនៅប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន ដូចជា ការធ្លាក់ចុះនៃករណីគ្រោះថ្នាក់ចរាចរណ៍១១ភាគរយ ក្នុងឆ្នាំ២០១៦ កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងការពង្រឹងការយល់ដឹងអំពីច្បាប់ចរាចរណ៍ ត្រូវតែបន្ត និងពង្រីកឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ។

នេះគឺជាហេតុផលចម្បង ដែលជំរុញឲ្យក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយនៅកម្ពុជា អនុវត្តសកម្មភាពកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តបាត់ដំបង និងសៀមរាប កាលពីពេលថ្មីៗនេះ ។ កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ថ្នាក់តំបន់មួយបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន សាជីវកម្មព្រូដិនសលអាស៊ី និង ព្រូដិនសលកម្ពុជា ។

កម្មវិធីនេះត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ក្នុងអំឡុងទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី ១០ កាលពីខែមេសាកន្លងទៅ ។ ក្រោមគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងតាមរយៈការចែករំលែកសារអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ប្រកបដោយសារៈប្រយោជន៍ និងអាចជួយសង្គ្រោះជីវិត កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តគោលដៅមួយចំនួន រួមមាន ខេត្តព្រៃវែង បាត់ដំបង និងសៀមរាប ។

លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ក្នុងពិធីសម្ពោធកម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងទៅ ថា៖ “មូលនិធិព្រូដិនស៍ ដែលជាផ្នែកមួយនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅអំពីសុខភាព សុវត្ថិភាព និងការគាំពារជីវិតប្រជាពលរដ្ឋ ។ នៅ ប្រទេសក្នុងតំបន់អាស៊ីជាច្រើន គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតកលេខមួយ ដែលឆក់យកជីវិតមនុស្សវ័យក្មេងដែលមានអាយុចន្លោះពី ១៥ ទៅ ២៩ឆ្នាំ ដែលក្នុងនោះកម្ពុជាក៏ជួបប្រទះបញ្ហាដូចគ្នា ។ យើងជឿជាក់ថា កិច្ចការនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ។”

លោកស្រី យ៉ាង សុធារី ជាបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ម្នាក់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅខេត្តសៀមរាប បាននិយាយថា “ខ្ញុំគិតថាកម្មវិធីនេះមានសារៈសំខាន់ខ្លាំង ព្រោះសុវត្ថិភាពចរាចរណ៍នៅតែជាបញ្ហាមួយដែលយើងព្រួយបារម្ភ ហើយតាមរយៈសកម្មភាពនៃកម្មវិធីនេះ យើងបានចែករំលែកព័ត៌មានអំពីសុវត្ថិភាពចរាចរណ៍ និងក្រើនរំឮកដល់អ្នកប្រើប្រាស់ផ្លូវ និងផ្តល់ជាសារដែលពួកគាត់អាចយកទៅចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងអស់គ្នា ។”

ដោយឡែក លោក អ៊ឹង សមប្រាថ្នា ជាអ្នកស្ម័គ្រចិត្តម្នាក់ទៀតពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិយាយថា “ខ្ញុំពិតជាអរគុណក្រុមហ៊ុន ដែលបានផ្តល់ឱកាសឲ្យខ្ញុំចូលរួមក្នុងកម្មវិធីនេះ ហើយខ្ញុំមានសារមួយចង់ផ្ញើរ គឺខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរបានដឹងច្បាប់ចរាចរណ៍ និងអនុវត្តឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន ដើម្បីការពារជីវិតគាត់ និងជីវិតអ្នកដ៏ទៃ ”៕ វឌ្ឍនា


ចែករំលែក៖