ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យពុលផ្លែក្រសំាងបុកសណ្តែកគួរ កម្មការិនី៨នាក់មានអាការៈក្អួតចង្អោរ និងរាគ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សង្ស័យពុលសណ្តែកគួរបុកក្រសាំង បណ្តាលឲ្យកម្មការិនី៨នាក់ មានអាការៈក្អួតចង្អោរ និងរាគរូស បន្ទាប់ពីហូបជាមួយបាយ ទើបខាងរោងចក្រយករថយន្តដឹកទៅសង្គ្រោះឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរោងចក្រជឺនឺរេសិន ស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

កម្មការិនីម្នាក់ឈ្មោះសុខ សៅរិន អាយុ២៦ឆ្នាំ រស់នៅភូមិស្តៅសារ ឃុំទព័មាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននិយាយថា គាត់ធ្វើនៅក្នុងរោងចក្រផលិតស្បែកជើងខាងលើ ហើយបាននាំគ្នាទិញក្រសាំងបុកជាមួយសណ្តែកគួរនាំគ្នាហូបមុនចូលធ្វើការ ស្រាប់តែពុលក្អួតរាគ និងចុកពោះ ទើបខាងរោងបានយករថយន្តដឹកពួកគាត់មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតែម្តង។

កម្មការិនូដដែលបន្តថា ក្រោយពីក្រុមគ្រួពេទ្យបានចាក់ថ្នាំ និងបញ្ចូលសេរ៉ូមដើម្បីបន្សាបជាតិពុលរួចមក ទាំងនាង និងមិត្តរួមការងារបានធូរស្បើយ។

បន្ទាប់ពីកើតមានករណីបែបនេះ ខាងរោងចក្រឯណោះវិញ បានត្រួតពិនិត្យមើលម្ហូបអាហាររបស់បងប្អូនកម្មករ និងកម្មការិនីទាំងអស់ បើសិនជាមានក្រសាំងបុកសណ្តែកគួរ ខាងរោងចក្រតម្រូវឲ្យបោះចោល ហើយរកម្ហូបថ្មីមកហូបវិញ ចៀសវាងកុំឲ្យមានអ្នកពុលតទៅទៀត។

ក្រុមគ្រួរពេទ្យបានបញ្ជាក់ថា ក្រុមកម្មារិនីពិតជាពុលផ្លែក្រសាំងមែន ហើយក្រុមគ្រូពេទ្យបានចាក់ថ្នាំបន្សាបឲ្យពួកគាត់រួចហើយ គ្រាន់តែសម្រាកមួយថ្ងៃមានអាការៈប្រក្រតីវិញហើយ៕ សេនាស័ក្តិ


ចែករំលែក៖