ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុន CBLចុះជួយកែលម្អសោភ័ណ្ឌភាពវិទ្យាល័យព្រែកឯក

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៨ខែកក្កដា ឆ្នាំ២០១៧ បុគ្គលិកក្រុមហ៊ុនCBL បានចុះជួយកែលម្អសោភ័ណ្ឌភាពនៃសាលាវិទ្យាល័យព្រែកឯកតាមរយៈការលាបថ្នាំនិងជួសជុលកែលម្អអគារសិក្សាឡើងវិញនិងការដាក់ប្រព័ន្ធបណ្តាញលូរំដោះទឹកលិចក្នុងរដូវរស្សាក្រោមការដឹកនាំដោយលោក Roland Bala នាយកគ្រប់គ្រងទូទៅ និងបុគ្គលិកនៃក្រុមហ៊ុនCBLនិងមានការចូលរួមជាអធិបតីភាពពីលោកអ៊ុកសម្បត្តិអនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញលោកអ៊ុំសារីប្រធានការិយាល័យអប់រំខណ្ឌច្បារអំពៅ លោកប៉ាង វិសុទ្ធនាយកវិទ្យាល័យព្រែកឯងព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យព្រែកឯកជាច្រើន។

ក្នុងឱកាសដ៏ពិសេសនេះលោកប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការី ទាំងអស់ដែលបានចុះជួយដល់វិទ្យាល័យព្រែកឯកតាមរយៈការធ្វើការជួសជុលកែលម្អឡើងវិញនូវអគារសិក្សាមួយខ្នងមាន៤បន្ទប់ដែលអាចទទួលសិស្សានុសិស្សចំនួន៣២០នាក់និងជួយដាក់ប្រព័ន្ធបណ្តាញលូទឹកសំរាប់ជួយកាត់បន្ថយទឹកជន់ក្នុងបរិវេណសាលានៅពេលភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា។

ជាមួយគ្នានោះដែរ លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនCBL បានមានប្រសាសន៍រំលឹកឡើងថាកាលពី២០ឆ្នាំមុនក្រុមហ៊ុន CBL បានកសាងអគារមួយខ្នងនេះជូនសិស្សានុសិស្សវិទ្យាល័យព្រែកឯកហើយគិតមកដល់បច្ចុប្បន្នមានសិស្សានុសិស្សរាប់ពាន់នាក់ធ្លាប់បានសិក្សាក្នុងអគារនេះជាពិសេសក៏មានបុគ្គលិកក្រុមហ៊ុនមួយចំនួនធ្លាប់បានសិក្សានៅទីនេះផងដែរ។តែបច្ចុប្បន្នអគារនេះស្ថិតក្នុងសភាពទ្រុឌទ្រោមស្ទើរតែត្រូវបោះបង់ ហើយចាំបាច់ត្រូវការជួសជុលកែលំអឡើងវិញដូច្នេះហើយថ្ងៃនេះយើងមានសេចក្តីរីករាយនឹងត្រលប់មកសាលានេះជាថ្មីម្តងទៀតធ្វើការកែលំអអគារនិងធ្វើឲ្យថ្នាក់រៀននិមួយៗមានសោរភ័ណ្ឌភាពស្រស់ស្អាតគួរឲ្យចង់ចូលសិក្សាឡើងវិញ។

លោកក៏បានសំដែងនូវភាពសប្បាយរីករាយដោយបានឃើញបុគ្គលិកក្រុមហ៊ុនដែលបានស្ម័គ្រចិត្តចូលរួមកម្មវិធីលាបថ្នាំឆ្នាំនេះមានការកើនឡើង១៣៤នាក់ហើយក៏បានថ្លែងអំណរគុណដល់បុគ្គលិកស្ម័គ្រចិត្តទាំងអស់ដែលចំណាយពេលវេលាចុងសបា្តហ៏ដើម្បីចូលរួមចំណែកក្នុងការជួយសង្គមរបស់យើងនៅថ្ងៃនេះ។

លោកសង្ឃឹមផងដែរថាសកម្មភាពសង្គមរបស់យើងនឹងជួយកាត់បន្ថយការលំបាករបស់សិស្សានុសិស្សហើយនឹងពួកគេឲ្យផ្តោតលើការសិក្សាដើម្បីអនាគតដ៏ល្អរបស់ខ្លួន។

គួររម្លឹកផងដែរថាក្រុមហ៊ុនCBLតែងតែចូលរួមរាល់សកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ ៕ ថម សន


ចែករំលែក៖