ខេត្តកំពង់ធំៈ មនុស្សម្នាក់ៗ តែងតែប្រាថ្នារកជីវិតគូស្រករជៀសមិនផុតឡើយ គ្រាន់តែជីវិតគូនោះល្អ ឫអាក្រក់ ។
ផ្តេកទៅលើវាសនា និងព្រហ្មលិខិតជាក់ស្តើងជីវិតគូដណ្តឹងមួយគូនេះ នៅថ្ងៃភ្ជាប់ពាក្យខ្សែភ្លើង បានឆក់យកអាយុជីវិតកូនកំលោះ និងឪពុកមាកូនក្រមុំ ព្រមទាំងឪពុកបង្កើតកូនក្រមុំ មានសភាពធ្ងន់ធ្ងរបំផុតទៀត ។ ហេតុការណ៍ឆក់ខ្សែភ្លើងបង្កឱ្យមានភាពផ្អើលឡើងកាលវេម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពី លោកសឿង ភា នាយប៉ុស្តិ៍ឃុំប្រាសាទបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ខុំ ខេន អាយុ២៩ឆ្នាំ ជាកូនកំលោះ(ស្លាប់) ឪពុកឈ្មោះ ខុំ ម្តាយឈ្មោះ វឿន ទីលំនៅភូមិវាំងខាងជើង ឃុំតាំង ស្រុកសន្ទុក ទី២ ឈ្មោះ រឹម រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ (ស្លាប់) ត្រូវជាឪពុកមាកូនក្រមុំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ និងទី៣ឈ្មោះ ចែត ជឿន អាយុ៦៧ឆ្នាំឪពុកបង្កើតកូនក្រមុំ(មានសភាពធ្ងន់ធ្ងរ) យកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ។
បើតាមសាក្សីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតគេធ្វើពិធីភ្ជាប់ពាក្យ រវាងកូនកំលោះ និងកូនក្រមុំ ហើយបានដំឡើងរោងរួចរាល់អស់ហើយ។ ជនរងគ្រោះទាំង៣នាក់ បានលើកមេក្រូឡើងលើដោយមេក្រូនោះមានដងដែកផង ស្រាប់តែបះខ្សែភ្លើងខាងលើ ដែលមានខ្សែ៣ធំៗបណ្តាលឱ្យឆក់តែម្តង។
ក្រោយខ្សែភ្លើងឆក់បងប្អូនសាច់ញាតិយកជនរងគ្រោះទាំង៣នាក់កប់ដីខ្សាច់ ក្រោយមករថយន្តសង្រោះមណ្ឌលសុខភាពតាំងក្រសាំងដឹកយកទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យខេត្តកំពង់ធំ តែអកុសលមនុស្ស២នាក់ទៅមន្ទីរពេទ្យខេត្តកំពង់ធំបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ បងប្អូន ប្រពន្ធ កូន សាច់ញាតិរាប់សិបនាក់បានយំសោកបោកខ្លួនយ៉ាងខ្លាំង ៕ ប៊ុន រិទ្ធី