ភ្នំពេញ៖ក្រោយការសាកសួរពេញមួយព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះរឿងអតីតនគរបាលក្រុងភ្នំពេញបាញ់បោះសេរីជិត១០គ្រាប់ បង្កអសន្តិសុខនៅខណ្ឌដូនពេញ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ ថា ព្រះរាជអាជ្ញារង បញ្ចប់ការសាកសួរហើយកំពុងពិនិត្យឯកសារពាក់ព័ន្ធមុនឈានដល់ការសម្រេច ។
អ្នកច្បាប់មួយរូប ថ្លែងថា សកម្មភាពរបស់ជនសង្ស័យ គឺ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ចូលមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ។អ្នកច្បាប់ដដែល អះអាងថា បទល្មើសដែលកំណត់ផ្តន្ទាទោសចាប់ពី១ឆ្នាំឡើង តុលាការអាចសម្រេចឃុំខ្លួនបាន ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ បានចូលសារភាព នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងនោះមានឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ ដែលបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីវេលា ម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាបញ្ជាឲ្យ ឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ៕ ចេស្តា