ខេត្តសៀមរាប៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៤គ្រាប់ ដែលនៅសេសសល់ ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅទីតាំងផ្សេងគ្នា រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាម និង ប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៤គ្រាប់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យខាង អង្គការ ហេឡូ ត្រាស់ កំទេចចោល។ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទមីន០១គ្រាប់ និង គ្រាប់ធុន៦០មម ០២ គ្រាប់ ត្រូវបានប្រជាពលរដ្នស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាបក្រុងសៀមរាមរកឃើញ និងប្រជាពលរដ្ឋ នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះធុន ១០៥ មីល្លីម៉ែត្រ១គ្រាប់ទៀត។
ប្រភពបានបន្តថា បន្ទាប់ពីបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលនៅមូលដ្ឋាន ហើយត្រូវកម្លាំងជំនាញ ចុះទៅត្រួតពិនិត្យ និង រក្សាទុកនៅកន្លែងដដែល ព្រមទាំងបានដាក់ស្លាកសញ្ញាសម្គាល់ឱ្យមានសុវត្តិភាព ដើម្បីរង់ចាំអង្គភាពជំនាញហេឡូត្រាស់ចុះមក និង ធ្វើការប្រគល់ជូន នៅវេលាម៉ោង ៩ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីយកទៅកំទេចចោល៕ ប៊ុន រិទ្ធី