ភ្នំពេញ៖ សហភាពអឺរ៉ុប បានប្រារព្ធខួបទី៣០ឆ្នាំនៃកម្មវិធី Erasmus របស់ខ្លួន នៅឆ្នាំនេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅថ្ងៃទី១៧ ខែកក្កដានេះ ដោយមានការបង្ហាញពីបទពិសោធន៍ នៃការសិក្សា និងវប្បធម៌ដ៏សម្បូរបែបរបស់អតីតនិស្សិត ដែលធ្លាប់សិក្សាក្រោម កម្មវិធី Erasmus ហើយសង្ឃឹមថា នឹងមានការជំរុញលើកទឹកចិត្តដល់និស្សិតជាច្រើនថែមទៀត ឲ្យចាប់យកឱកាសនេះ ដើម្បីទៅសិក្សានៅតាមបណ្ដាសកលវិទ្យាល័យល្បីៗរបស់អឺរ៉ុប ។
ព្រឹត្តិការណ៍ដែលរៀបចំនៅCJCC នេះនឹងមានការពិភាក្សាជាក្រុមដែលមានការចូលរួមពីឥស្សរជនឈានមុខនៅក្នុងវិស័យអប់រំរបស់កម្ពុជាក៏ដូចជាការធ្វើបទបង្ហាញរបស់តំណាងសមាគមនិស្សិតErasmus អំពីបទពិសោធន៍របស់ខ្លួននៅក្នុងកម្មវិធីErasmus នេះផងដែរ។ទន្ទឹមនឹងនេះក៏មានតំណាងមកពីរដ្ឋសមាជិករបស់សហភាពអឺរ៉ុបចូលរួមផងដែរដើម្បីពិភាក្សាជាមួយនិស្សិតដែលមានចំណាប់អារម្មណ៍ទាក់ទិននឹងគុណសម្បត្តិនៃសកលវិទ្យាល័យនៅតាមបណ្ដាប្រទេសរបស់ខ្លួន។ កម្មវិធីនេះត្រូវបានចូលរួមដោយលោកបណ្ឌិតហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត។
កម្មវិធីErasmus ដែលបានចាប់ផ្ដើមដំបូងនៅឆ្នាំ១៩៨៧ក្នុងនាមគំនិតផ្ដួចផ្ដើមដើម្បីជំរុញការបម្លាស់ទីនៃការសិក្សារបស់និស្សិតអឺរ៉ុបត្រូវបានដាក់ឈ្មោះតាមលោកErasmus of Rotterdam ជាអ្នកប្រាជ្ញមនុស្សនិយមជនជាតិហុល្លងដ៏ល្បីល្បាញដែលមានជីវិតរស់នៅក្នុងអំឡុងសម័យRenaissance នៅចុងសតវត្សទី១៥និងដើមសតវត្សទី១៦។ក្នុងពេលបច្ចុប្បន្នកម្មវិធីErasmus+ បានផ្ដល់លទ្ធភាពដល់និស្សិតទូទាំងពិភពលោកទៅសិក្សានៅតាមសកលវិទ្យាល័យនានាទូទាំងទ្វីបអឺរ៉ុប។និស្សិតកម្ពុជាត្រូវបានបញ្ចូលក្នុងកម្មវិធីនេះនៅឆ្នាំ១៩៩៥ហើយចាប់តាំងពីពេលនោះមកមាននិស្សិតកម្ពុជាចំនួនច្រើនជាង៦០០នាក់ដែលមានឱកាសទៅសិក្សានៅទ្វីបអឺរ៉ុប។
លោកស្រីបណ្ឌិតGenoveva Hernandez Uriz ភារៈធារីស្តីទីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាមានប្រសាសន៍ថា៖“ដើម្បីអបអរខួប៣០ឆ្នាំនៃកម្មវិធីErasmus និងខួប២០ឆ្នាំនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជាសហភាពអឺរ៉ុបរៀបចំសន្និសីទនេះឡើងដើម្បីជួយដល់និស្សិតនិងគ្រឹះស្ថានសិក្សានានាអោយបានស្វែងយល់អំពីឱកាសសិក្សាដែលផ្ដល់ជូនដោយកម្មវិធីErasmus+ នាពេលបច្ចុប្បន្ន។ យើងមានមោទនភាពក្រៃលែងដែលកម្មវិធីErasmus+ បានដើរតួនាទីដ៏សំខាន់ក្នុងការផ្ដល់ឱកាសដល់និស្សិតឆ្នើមៗបំផុតរបស់កម្ពុជាជាច្រើននាក់ដើម្បីបានទទួលនូវជំនាញនិងចំណេះដឹងបន្ថែមតាមរយៈការទៅសិក្សានៅសកលវិទ្យាល័យល្អៗបំផុតនៅអឺរ៉ុប”៕ វឌ្ឍនា