ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងស្រា តូចចិត្តព្រោះអត់មានលុយ ទិញស្រាសផឹកហើយបានដើរមកដល់លើស្ពានជ្រោយចង្វា ហើយបានផ្លោះបង្កាន់ដៃស្ពាន ចុះទៅអង្គុយនៅលើរ៉ូប៊ីណេ ទុយោទឹក បម្រុងនឹងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវសមត្ថកិច្ចដែលឈរជើងនៅលើស្ពានឃាត់ទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅលើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលប្រចាំកាលនៅលើស្ពាន បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ វ័យជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៍ប្រះនិងខោកាប៊យ ក្នុងស្ថានភាពស្រវឹងស្រា ដើរពីរង្វង់មូលគួចកាណុង ហើយបានមកដល់លើស្ពានជ្រោយចង្វារ ក៏បានផ្លោះបង្កាន់ដៃស្ពាន ចុះទៅអង្គុយនៅលើរ៉ូប៊ីណេ ទុយោទឹក បម្រុងនឹងលោតទឹកសម្លាប់ខ្លួន ធ្វើឲ្យអ្នកធ្វើដំណើរ ឆ្លងកាត់លើស្ពានជ្រោយចង្វា នាំគ្នាឈប់ចោមរោមមើល ក៏ត្រូវ កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយនគរបាល ខណ្ឌជ្រោយចង្វា បាននិយាយលួងលោម កុំឲ្យលោតទឹកសម្លាប់ខ្លួន មានរឿងអីដោះស្រាយមិនចេញ បានជាទៅលោតទឹក សម្លាប់ខ្លួនបែបនេះ ក៏ត្រូវបុរសរូបនោះ ឆ្លើយប្រាប់វិញថា ដោយសារតែគេ អត់មានលុយ ទិញស្រាផឹក ទើបរូបគេបានសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួន ។
តែបើសិនជាចង់ឲ្យគេឡើងទៅលើវិញ ទាល់តែទិញស្រាស២លីត្រ យកមកឲ្យគេផឹកទៀត ទើបគេព្រមឡើងទៅវិញ ពេលនោះសមត្ថកិច្ចក៏បានទិញ ស្រាស២លីត្រ ច្រកថង់យកមកបង្ហាញ និងនិយាយលួងលោម ទើបចាប់បុរសខាងលើ ទាញយកមកលើស្ពានវិញបាន ។
ក្រោយកើតហេតុបុរសខាងលើ ត្រូវបានសមត្ថកិច្ចបាននាំខ្លួន យកទៅអប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលស្រះចក ហើយក៏បានឲ្យបុរសស្រវឹងស្រាខាងលើត្រឡប់ទៅផ្ទះវិញផងដែរ ៕ ស រស្មី