ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរារាំងទាមទារសំណងតាមទីផ្សារ បន្ទាប់ពីអាជ្ញាធរ និងអន្តរក្រសួងចុះព័ទ្ធរបងជួសជុលស្ថានីយរថភ្លើងចាស់

ចែករំលែក៖

ប៉ោយប៉ែតៈ ប្រជាពលរដ្ឋ៤គ្រួសារ ក្នុងចំណោម៧គ្រួសារ បានរារាំងក្រុមការងារអន្តរៈក្រសួង និងអាជ្ញាធរក្រុងប៉ោយប៉ែត ដែលនាំកម្មករជីករបងបោះបង្គោលបាំងសង្កសី ដើម្បីជួសជុលអគារស្ថានីយរថភ្លើងចាស់កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្សាររ៉ា ឋិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសុំអំពាវនាវដល់អាជ្ញាធររកដំណោះស្រាយសមស្រប ដោយពួកគាត់បានលើកឡើងថា រស់នៅអស់រយៈពេលជាង២០ឆ្នាំមកហើយ ព្រមទាំងមានប្លង់កាន់កាប់ស្របច្បាប់ទៀតផង។

ពួកគាត់បញ្ជាក់ថា ការដោះស្រាយរបស់អាជ្ញាធរមិនអាចទទួលយកបាន ព្រោះឲ្យសំណងក្នុងមួយគ្រួសារពី៨០០ដុល្លារ និងគ្រួសារខ្លះ១៥០០ដុល្លារ ម្យ៉ាងទៀត បើសិនជារកដំណោះស្រាយសមស្រប ណាមួយនោះ ពួកគាត់អាចទទួលយកបាន ពួកគាត់ចេញទៅនៅកន្លែងថ្មី ដោយមិនរារាំងចំពោះវិធានការទាំងអស់នោះឡើយ។

នៅក្នុងហេតុការរារាំងនោះក៏ដោយ ក្រុមការងារនៅតែបន្តសកម្មភាពជីបង្គោលបិទបាំងសង្កសី ដើម្បីកែលម្អរអគារស្ថានីយរថភ្លើងចាស់ សល់ពីសម័យសង្គ្រាមឲ្យ ដំណើរការ និងជាប្រយោជន៍រួម មិនមែនជាប្រយោជន៍បុគ្គលឡើយ។

ជុំវិញបញ្ហាខាងលើនេះ លោកខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មាន ថាៈ នៅទីតាំងខាងលើនេះ ក្រុមការងារបានបិទរបងម្ដងមកហើយ តែដោយសារពេលវេលាយូរពេក ក្រុមការងារបានអនុគ្រោះដល់ពលរដ្ឋឲ្យលក់ដូរ និងរកស៊ី តែពេលនេះពេលវេលាមកដល់ និងតម្រូវឲ្យរុះរើជួសជុលកសាងអគារស្ថានីយរថភ្លើងចាស់ឡើងវិញ ។

លោកថាៈ ចំពោះ ៤គ្រួសារក្នុងចំណោម៧គ្រួសារដែលរារាំងក្រុមការងារនោះ លោកបានហៅទៅសាលាក្រុង ដើម្បីដោះស្រាយរួចមកហើយ តែពួកគាត់មិនព្រមទទួលសំណង ។ លោកបញ្ជាក់ថាៈ ប្រជាពលរដ្ឋដែលមិនព្រមទទួលសំណងហើយនៅរឹងរួស មិនឲ្យក្រុមការងារដំណើរការងារនោះ ទុកឲ្យច្បាប់ជាអ្នកដោះស្រាយ ចំពោះការកសាងរផ្លូវរថភ្លើង និងជួសជុលអគាររថភ្លើងចាស់ឡើងវិញនោះ មិនមែនជារបស់បុគ្គលឡើយ ធ្វើដើម្បីជាផលប្រយោជន៍សាធារណៈ ព្រោះផ្លូវរថភ្លើងជិតដំណើរការហើយ ម្យ៉ាងទៀតភាគីថៃក៏បានបង្ខំមកភាគីកម្ពុជា ធ្វើយ៉ាងណាជំរុញ និងស្ថាបនាផ្លូវរថភ្លើងឲ្យបានឆាប់ និងបើកសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការផងដែរ ៕ វណ្ណា


ចែករំលែក៖