ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង បានដួលរលំ និងរងការខូចខាត ដោយសារខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង ម្នាក់ៗនាំគ្នារត់ចេញពីក្នុងផ្ទះទាំងព្រលឹងចុងសក់ តែមិនបណ្តាលឲ្យរងរបួសមនុស្សនិងសត្វនោះទេ។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមមន្ត្រីសាលាស្រុករំដួលបានអោយដឹងថា ផ្ទះដែលដួលរលំមានម្ចាស់ឈ្មោះ ឃឿន រៀន ភេទប្រុស អាយុ32ឆ្នាំ រស់នៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល រងការខូចខាតរបើកលំឈ្នៀងខាងមុខផ្ទះ ។
ម្ចាស់ផ្ទះឈ្មោះ ឡុង អន ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិព្រៃតាយ័ន្ត ឃុំពងទឹក ស្រុករំដួល ដោយផ្ទះមានទំហំ6.50ម៉ែត្រx7.50ម៉ែត្រ ជញ្ជាំងសង្កសី ដំបូលប្រក់ក្បឿងបណ្តាលអោយ របើកក្បឿង 300សន្លឹក និងម្ចាស់ផ្ទះឈ្មោះ វុន សុខ ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិត្រពាំងថ្កូវ ឃុំពងទឹកស្រុករំដួលដោយ ផ្ទះមានទំហំ6ម៉ែត្រx7ម៉ែត្រ សង់ អំពីឈើ បណ្តាលអោយរបើកឈ្នៀងម្ខាង។
ប្រភពបន្តថា ចំពោះក្រុមគ្រួសារម្ចាស់ផ្ទះទាំង៣ មិនមានអ្នករងគ្រោះថ្នាក់អ្វីនោះទេ ហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីសាខាកាកបាទក្រហមខេត្តក៏បានចុះសួរសុខទុក្ខ និងចែកសម្ភារមួយចំនួន និងថវិកាដល់ម្ចាស់ផ្ទះផងដែរ ៕ យឹម សុថាន