ខេត្តពោធិ៍សាត់៖ បែកធ្លាយរឿងពុករលួយមន្រ្តីបរិស្ថានទីកាត់ការដែនជំរកសត្វព្រៃភ្នំសំកុះ ជំរិតយកលុយ និងរឹបអូសយកឈើពីប្រជាពលរដ្ឋដឹកឈើតាមគោយន្តកន្រ្តៃយកទៅធ្វើផ្ទះពិតៗ ខណៈដែលក្រុមមន្រ្តីបរិស្ថានខាងលើ ឃាត់គោយន្តកន្រ្តៃដឹកឈើចំនួន ២គ្រឿង បង្ខំឲ្យពួកគាត់បង់លុយក្នុងម្នាក់ៗចំនួន ១លានរៀល (មួយលានរៀលគត់) និងយកឈើពួកគាត់ក្នុង ១គោយន្តៗចំនួន ១ម៉ែត្រត្រីគុណថែមទៀត។
ហេតុការណ៍ខាងលើបានបង្កឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុះ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អ្នកបើកបរ និងអ្នករួមដំណើរគោយន្តកន្រ្តៃដឹកឈើចំនួន ២គ្រឿងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគាត់បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបានទិញឈើប្រភេទឈើអារ(ខ្លុងឬត្បែង) គ្រឿងធ្វើផ្ទះសម្បែងចំនួនប្រមាណ៦ម៉ែត្រត្រីគុណ ដែលខំសន្សំលុយយូរណាស់មកហើយនោះ ដើម្បីដឹកយកទៅធ្វើផ្ទះនៅភូមិក្រាំងដូង ឃុំពាម ស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រោះគាត់មានប្រពន្ធនៅទីនោះ លុះនៅល្ងាចថ្ងៃខាងលើ ជាថ្ងៃកើតហេតុ ពួកគាត់បានបើកគោយន្តកន្រ្តៃដឹកឈើចេញពីមូលដ្ឋានទិញឈើ គឺភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ស្រាប់តែជិតមកដល់ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុះ គាត់បានឈប់គោយន្តដើម្បីមកសុំក្រុមមន្រ្តីបរិស្ថាននៅទីនោះ ព្រោះពួកគាត់ពុំមែនជាឈ្មួញនោះទេ សុំបន្ធូរបន្ថយខ្លះផង ខណៈនោះ ក៏ត្រូវមន្រ្តីជំនាញបរិសា្ថនឃាត់គោយន្តកន្រ្តៃដឹកឈើរបស់គាត់តែម្តង ហើយក្រុមមន្រ្តីទាំងនោះបង្ខំតម្រូវឲ្យពួកគាត់បង់លុយក្នុង១គោយន្តៗ ចំនួន១លានរៀល(មួយលានរៀលគត់) និងទម្លាក់យកឈើពួកគាត់ក្នុងគោយន្ត១គ្រឿងចំនួន ១ម៉ែត្រត្រីគុណថែមទៀត ។ ការឃាត់ទុកនៅគោយន្តកន្រ្តៃដឹកឈើដើម្បីបង្ខំទារលុយ និងយកឈើរយៈពេល តាំងម៉ោង ៥ល្ងាច ថ្ងៃទី១៤ រហូតដល់ម៉ោង៧យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ទាល់តែធ្វើតាមពួកមន្ត្រីទាំងនោះ ទើបគេឲ្យគោយន្ត និងឈើនៅសល់មកពួកគាត់វិញ។
អ្នកបើកបរ និងអ្នករួមដំណើរគោយន្តកន្រ្តៃដឹកឈើបន្តថា ពួកគាត់ចេញដំណើរដឹកឈើក្នុងគោលបំណងយកទៅធ្វើផ្ទះ ពីភូមិ ឃុំ ស្រុក លើកំណាត់ផ្លូវជាតិលេខ៥៥ ដូចបានរៀបរាប់ខាងលើ ទម្រាំដល់គោលដៅនៅឯខេត្តកំពង់ឆ្នាំង ត្រូវចំណាយពេលវេលាដេកតាមផ្លូវជាដំណាក់ៗចំនួន ៤យប់ឯណោះ ។ ពួកគាត់យល់ច្បាស់ថាទិញឈើដឹកជញ្ជូននេះ មិនស្រាប់ច្បាប់ទេ តែសុំបន្ធូរបន្ថយបន្តិចទៅ ព្រោះពួកគាត់មិនមែនជាឈ្មួញរកស៊ីឈើនោះទេ គឺសន្សំលុយទិញឈើទាំងនេះដឹកជញ្ជូនយកទៅធ្វើផ្ទះពិតៗប្រាកដមែន។
អ្នកបើកបរ និងអ្នករួមដំណើរគោយន្តកន្រ្តៃបន្តទៀតថា ការដែលពួកគាត់បង្ខំទិញ និងដឹកជញ្ជូនឈើផ្លូវឆ្ងាយបែបនេះ ដោយសារឈើនៅទីនោះធូរថ្លៃហើយឈើក៏ល្អដែរ ទោះបីជាដោះស្រាយបាយទឹកដល់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធតាមដងផ្លូវខ្លះៗក្តី ក៏មិនជាបញ្ហាដែរ ខុសគ្នាស្រឡះពីការទិញតាមដេប៉ូលក់ឈើនៅតាមតំបន់ក្បែរៗផ្ទះ ហើយម្យ៉ាងទៀត ពួកគាត់ឃើញគេដឹកឈើបានគ្រប់ៗគ្នា មិនថា ដឹកតិច ឬច្រើននោះឡើយ គឺដឹករាល់ថ្ងៃឡើងខូចផ្លូវទៅហើយ រួមទាំងម៉ាស៊ីនអារឈើឡើងរំពងពេញព្រៃទៀតផង ដូចជាពុំសូវឃើញមានមន្រ្តីជំនាញឯណា មានចំណាត់ការផងហ្នឹង ។ ជាមួយគ្នាខាងលើនេះដែរ ពួកគាត់សំណូមពរសុំឲ្យថ្នាក់លើមានចំការរកយុត្តិធម៌ជូនពួកគាត់ផង ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អ្នកសារព័ត៌មានមិនអាចស្វែងរកសុំការពន្យល់បានទេ នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។ អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក អភិបាលខេត្តពោធិ៍សាត់ ដើម្បីផ្តល់ព័ត៌មានខ្លះៗ និងសុំប្រសាសន៍ពន្យល់ខ្លះៗមកវិញ តែលោក មិនបានឆ្លើយតបក្បោះក្បាយឡើយ ហើយក៏បិទទូរស័ព្ទបាត់ទៅ៕ ប៉ឹម ពិន