ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញគេចពន្ធនិងមាន់ទារស់កំពុងហូរចូលតាមច្រករបៀងចំនួន២ក្នុងចំណោមច្រករបៀង ៤៣នៃខេត្តបន្ទាយមានជ័យដែលត្រូវបានបិទ

ចែករំលែក៖

ប៉ោយប៉ែត៖ ច្រករបៀងចំនួន២ ក្នុងស្រុកអូរជ្រៅ បានបើក ក្នុងចំណោមច្រករបៀងចំនួន៤៣ នាំចូលទំនិញគេចពន្ធ គ្រប់ប្រភេទ និងមាន់ទារស់ពីប្រទេសថៃ បើទោះមានបទបញ្ជាឲ្យបិទពីសម្ដេចក្រឡាហោមស ខេងក៏ដោយ។

ច្រករបៀងដែលបើកឲ្យនាំទំនិញចូលពីប្រទេសថៃនោះ គីច្រករបៀងណងចាន់ ស្ថិតក្នុងភូមិជោគជ័យ និងច្រករបៀងអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ច្រករបៀងទាំងនោះបាននាំចូលមកនូវទំនិញគ្រប់ប្រភេទ ដូចជាជី ទឹកក្រូច ទឹកដោះគោ ទឹកត្រឡាច មាន់ ទា ម៉ូតូជាដើម ធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋ ដែលក្រុមឈ្មួញទាំងនោះ យកចែកចាយទៅតាមទីផ្សារក្នុងប្រទេសកម្ពុជា និងជាក្តីបារម្ភដល់សុខភាពពលរដ្ឋ រស់តាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ខណៈមន្ត្រីគ្រប់ស្ថាប័នកំពុងតែចាំទទួលប្រាក់ពីក្រុមឈ្មួញរកស៊ីមិនមានការត្រួតពិនិត្យ។

តាមប្រភពពីមន្ត្រីយោធាការពារព្រំដែនលេខ៥០៣បង្ហើបប្រាប់ថាៈ ច្រករបៀងណងចាន់ ស្ថិតក្នុងភូមិជោគជ័យ គ្រប់គ្រងដោយលោក ឯក សំអូន មេបញ្ជាការរងភូមិភាគទី៥ ចំណែកច្រករបៀងអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ គ្រប់គ្រងដោយលោកឧត្តសេនីយ៍ឡាច ចន្ធា មេបញ្ជាការរងភូមិភាគទី៥ ទទួលទិសប្រចាំខេត្តបន្ទាយ ត្រង់ចំណុចអូរបីជាន់។

ប្រភពបញ្ជាក់បន្ថែមថា នៅចំណុចណងចាន់ ស្ថិតក្នុងភូមិជោគជ័យ អ្នកមើលការខុសត្រូវដោយលោកអុន ចាន់ មេបញ្ជាការរងកង៥០៣ ហើយច្រកទាំងពីរនេះ បានបើកផ្គើនទៅនឹងអនុសាសន៍សម្ដេចក្រឡាហោម ស ខេង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនរិះគន់ថា ការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរបស់មន្ត្រីប្រចាំទីនោះថា បានបើកដៃឲ្យមានជំនួញទំនិញឆ្លងដែនគ្រប់ប្រភេទនិ ងពលករ ខុសច្បាប់ ដែលជាការអនុវត្តផ្ទុយនឹងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

កាលពីកន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម បានចេញបទបញ្ជាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចព្រំដែនកម្ពុជាទាំងអស់ ត្រូវបិទច្រករបៀងក្នុងវិធានការបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ។ ច្រករបៀងជាប្រភពនៃការបង្កើតឲ្យមានបទល្មើសខុសច្បាប់។

ជុំវិញការចោទប្រកាន់ខាងលើនេះ មេបញ្ជារការងខាងលើ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានឡើយ ដោយទូរសព្ទ័លោកមិនអាចទទួលការហៅចូលបាន ។ ទោះយ៉ាងណា អ្នកសារព័ត៌មានរង់ចាំទទួលបំភ្លឺចំពោះរឿងរ៉ាវបើកច្រករបៀងនាំទំនិញចូលខុសច្បាប់ធ្វើឲ្យបាត់បង់ពន្ធចូលរដ្ឋយ៉ាងក្រាស់ក្រែលនេះ ៕ វណ្ណា


ចែករំលែក៖