ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ការដកហូតទ្រព្យសម្បត្តិការបរទេសនៅអាមេរិកគឺ«ប្លន់កណ្តាលថ្ងៃ»

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្សុី លោក Sergei Lavrov បានបញ្ជាក់ថា ប្រសិនបើទីក្រុង វ៉ាស៊ីនតោន ចេញលក្ខខណ្ឌ ដើម្បីសង ទ្រព្យសម្បត្តិ ការបរទេស របស់រុស្ស៊ី នៅអាមេរិក គឺមិនខុសអ្វីពីការប្លន់ទាំង កណ្តាលថ្ងៃចេះនោះឡើយ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេស Belarus កាលពីថ្ងៃទី១៧ ខែ កក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ឡាវរ៉ូវ បានតបទៅនឹងព័ត៌មានពីមន្ត្រីសេតវិមានអាមេរិក ដែលបានបញ្ជាក់ថា អាមេរិក មិនមានបំណងសងទ្រព្យសម្បត្តិការបរទេសឲ្យទៅរុស្ស៊ីវិញឡើយ ប្រសិនបើ មិនមាន អ្វីដោះដូរនោះ។ លោកឡាវរ៉ូវ បញ្ជាក់ថា សកម្មភាពបែបនោះ គឺជាការប្លន់ទាំងថ្ងៃ។

កាលពីខែធ្នូឆ្នាំ ២០១៦ រដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានសម្រេចដកហូតអគារការបរទេស២ ខ្នងរបស់រុស្ស៊ីនៅក្នុងទឹកដីអាមេរិក និង បណ្តេញមន្ត្រីការបរទេស៣៥រូបចេញពី អាមេរិក ដោយចោទប្រកាន់ពីបទជ្រៀតជ្រែកចូលកិច្ចការផ្ទៃពេលបោះឆ្នោតនៅអាមេរិក។

នៅពេលនោះលោកពូទីនមិនបានតបតអាមេរិកវិញឡើយ ដោយរង់ចាំរដ្ឋាភិបាលថ្មីរបស់អាមេរិកឡើងកាន់តំណែង។ ប៉ុន្តែក្រោយពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូមានបំណងចង់យកអគារទូត ទាំងពីរខ្នង មកវិញ ស្រាប់តែភាគីអាមេរិកនៅតែ មិនព្រម បើរុស្ស៊ីមិនមានការដោះដូរនោះ។ សូម្បីតែជំនួបពិភាក្សារវាង ប្រធានាធិបតី ដូណាល់ ត្រាំ នឹងលោកពូទីន នៅអាល្លឺម៉ង់ កន្លងមក ក៏មិនអាចដោះស្រាយបញ្ហាខាងលើបាននដែរ៕ ម៉ែវ សាធី


ចែករំលែក៖