ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ហ៊្វូជុង នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បានមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។
លោក ង្វៀន ហ៊្វូជុង នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់គន្ធបុប្ផា។ លោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ក៏នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។ ជួបដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏នឹងជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ ៕ ហេង សូរិយា