ព័ត៌មានទាន់ហេតុការណ៍៖

លុយជាង១០០០ដុល្លារទុកសងអង្គការ ចោរឆក់យកទៅបាត់បានត្រឹមយំស្តាយធាក់ននៀលដី

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតណាស់ ពេលដែលឃើញស្ត្រីជាអ្នកលក់បន្លែនិងសាច់ម្នាក់ បានដេកធាក់ននៀលលើថ្នល់ ស្រែកទ្រហោយំ សោកស្តាយលុយ ជាង១០០០ដុល្លារ នៅក្នុងកាបូបហើយត្រូវជនសង្ស័យឆក់យកទៅបាត់ដោយគាត់រៀបរាប់ថា លុយទាំងនេះគាត់ ខំសន្សំដោយកម្លាំងញើសឈាមមិនហ៊ានហូបអីឆ្ងាញ់ទេទុកបង់ប្រាក់ខ្ចីអង្គការក្នុងថ្ងៃនេះ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង២០នាទី ទៀបភ្លឺថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទល់មុខផ្ទះលេខ១៤៣ ជិតនិងស្តុបផ្សារដើមគ ផ្លូវព្រះមុនីរ៉េត ខណ្ឌទួលគោក ។

ស្ត្រីជាជនរងគ្រោះ មិនបានប្រាប់ឈ្មោះ ឲ្យដឹងនោះទេ គឺគ្រាន់តែដឹងថាមានវ័យជាង៤០ឆ្នាំ ជាអ្នកលក់បន្លែនិងសាច់ហើយ នៅក្នុងកាបូប ដែលត្រូវចោរឆក់ យកទៅបាត់នោះ មានលុយចំនួន៨០០ដុល្លារ និងប្រាក់ជាងមួយលានរៀល ព្រមទាំងទូរស័ព្ទមួយគ្រឿងទៀតផង។

ស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ចេញពីផ្ទះមកផ្សារដើមគ តែម្នាក់ឯងដើម្បីទិញបន្លែ និងសាច់ជ្រូក យកទៅលក់ដូចសព្វដង។លុះពេលជិះមកដល់ ផ្សារដើមគ មិនទាន់បានទិញបន្លែសាច់ផង ម៉ូតូរបស់គាត់អស់សាំង រួច ទុកម៉ូតូចោល ដើរឆ្លងផ្លូវ ទៅទិញសាំងដបដែលគេ លក់នៅមុខផ្ទះលេខ ១៤៣ តាមផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច។ លុះដើរមកដល់ជិតកន្លែងលក់ សាំងដបបាន ទាញលុយពីក្នុងកាបូបស្ពាយលើស្មារាប់បណ្តើរ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកជិត ហើយបានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ រួចបន្ថែមល្បឿនម៉ូតូ បើករត់គេចខ្លួនបាត់ស្រមោលតែម្តង ។ ស្រ្តីរងគ្រោះបានបន្តទៀតថា ពេលនោះ រូបគាត់បានស្រែកឆោឡោថា ចោរៗអោយគេជួយ តែគ្មានឃើញអ្នកណាម្នាក់នៅក្បែរផ្លូវនេះជួយដេញគាត់ឡើយ។

ចំណែកប្រជាពលរដ្ឋរស់នៅក្បែរនោះបាននិយាយថា ក្រោយចោរឆក់កាបូបទៅបាត់ ស្រ្តីរងគ្រោះ បានរត់ត្រឡប់ក្រោយ ទៅប្រាប់សមត្ថកិច្ច ដែលប្រចាំការនៅក្រោម ស្ពានអាកាសស្ទឹងមានជ័យឲ្យជួយទំនាក់ទំនងទៅក្រុមគ្រួសារ មកមើល លុះពេលមកដល់ស្រាប់តែស្រ្តីរងគ្រោះនាំទៅមើល កន្លែងកើតហេតុរួចស្រែកទ្រហោយំ ដេកធាក់ននៀលដីគួរឲ្យអាណិតដោយរោបរាប់ថាថ្ងៃត្រូវដល់ថ្ងៃ បង់លុយខ្ចីអង្គការ ផង ត្រូវចោរឆក់កាបូបលុយទៅបាត់តើគាត់សង្ឍឹមអី?

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានដឹកស្រី្តរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក ទាំងទឹកភ្នែករហាម ៕ ប្រាថ្នា


ចែករំលែក៖