ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ បានបុកជាមួយម៉ូតូស្មាស់ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣១០ កែងនិងផ្លូវ១៩៩ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF 5760 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវបំបែកជាបួបមិនប្រយ័ត្ន ក៏មានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2V 5003 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះដួលបោកក្បាលនិងថ្នល់ រងរបួសរធ្ងន់ ម៉ូតូរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកក៏មានភាគីខាងជនរងគ្រោះបានចុះមកដល់ចំណុចកើតហេតុ ដោយសារតែស្គាល់គ្នាក៏សម្របសម្រួលគ្នា ដោយចេញថ្លៃជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុមិនរំខានសមត្ថកិច្ច៕ ស រស្មី