ខេត្តសៀមរាប៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រង៉ែ សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយដង្គំ ចុះស្រាវជ្រាវករណីលួចម៉ូតូ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង(ម៉ូតូ) យកមកសួរនាំនៅអធិការក្រុង ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ត ។
ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប។
លោក វរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង និងជាប្រធានការិយាល័យនគរបាលកណ្តាលព្រហ្មទណ្ឌ បានប្រាប់ថា ដោយយោងតាមពាក្យបណ្តឹងលេខ 003/17 ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ របស់ជនរងគ្រោះឈ្មោះទិត្យ ទាវ ភេទប្រុស អាយុ២៧ឆ្នាំ ដែលបានបាត់ម៉ូតូកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្ទះ កំពុងសាងសង់ ក្នុងភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ទើបលោកបានឱ្យកម្លាំងតាមមូលដ្ឋាន សហការគ្នាជាមួយកម្លាំងអធិការក្រុង ដើម្បីស្រាវជ្រាវ រកមុខសញ្ញា ចោរលួចម៉ូតូ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿន សារុំ ហៅបារាំង ភេទប្រុស អាយុ២១ឆ្នាំ នៅម្តុំភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧តែម្តង ហើយបាននាំមកសួរនាំនៅអធិការក្រុង។
លោកបានបញ្ចាក់ថា ជនរងគ្រោះឈ្មោះទិត្យ ទាវ បានទៅជួយធ្វើផ្ទះ របស់បងថ្លៃរបស់ខ្លួន ឈ្មោះ រ៉ីម ភេទប្រុស នៅភូមិព្រៃធំ ដោយជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាដ្រីម ស៊េរី 2016 ពណ៌ ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1V-2899 លេខតួម៉ាស៊ីន 9641318 តែម្នាក់ឯង ក្រោយមក ត្រូវបាន ឈ្មោះ ពឿន ភេទស្រី ខ្ចីទៅទិញ ម្ហូបអារហារ ពេលត្រឡប់មកវិញក៏ចតទុកចោលនៅក្រោមផ្ទះដោយពុំបានដកសោរ លុះដល់វេលាម៉ោង ១៧និង៣០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូជិះចេញទៅដោយសុវត្ថិភាព។ លុះស្អែកឡើងនៅវេលាម៉ោង ៨និង៣០នាទី ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ កម្លាំង នគរបាលប៉ុស្តិ៍ស្រង៉ែ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ស្វាយដង្គំ ឃាត់ខ្លួនបានជនសង្ស័យ និង វត្ថុតាង(ម៉ូតូ) ស្ថិតនៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប រួចយកមកសួរនាំនៅអធិការក្រុង។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់៕ ប៊ុន រិទ្ធី