ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបើកបុកនិងកិនម៉ូតូអូសជាង៥០ម៉ែត្រ ខណៈម្ចាស់ម៉ូតូលោតចេញទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ដែលអង្គុយលើម៉ូតូចតនៅចិញ្ចើមផ្លូវ បានរត់បាតជើងសព្រាត ខណៈឃើញបើករថយន្តមួយគ្រឿងបានបើកយ៉ាងលឿន ហើយឡើងមកលើចិញ្ចើមផ្លូវតម្រង់មកបុកទាំងកំរោល រួមទាំងកិនម៉ូតូអូសជាង៥០ម៉ែត្រ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខធានាគារ អេសុីលីដា តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសម្ដីយុវជនរងគ្រោះទាំង២នាក់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបានចេញពីធ្វើការ ហើយនាំគ្នាមកអង្គុយលើម៉ូតូនិយាយគ្នាលេងលើចញ្ចើមផ្លូវក្បែរកន្លែងកើតហេតុ ខណៈពេលនោះស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-2551 បានបើកបរតាមបណ្ដោយផ្លូវ២១៧(ហៅផ្លូវចំការដូង) ទិសដៅពីត្បួងមកជើងក្នុងល្បឿនយ៉ាងលឿន ហើយបានវ៉ារថយន្តមួយគ្រឿងនិនចាំម៉ាកពីខាងស្ដាំ ក៏រេចង្កូតមកបុកម៉ូតូរងគ្រោះម៉ាកគុបមូល គ្មានស្លាកលេខ ដែលយុវជនរងគ្រោះទាំង២នាក់អង្គុយពីលើទាំងកំរោលតែម្ដង ធ្វើឲ្យយុវជនរងគ្រោះទាំង២ភ័យរត់ចេញពីម៉ូតូយ៉ាងប្រញ៉ាប់ប្រញា និងបណ្ដាលឲ្យម៉ូតូគៀបជាប់ក្រោមរថយន្តអូសជាង៥០ម៉ែត្រទើបឈប់ ហើយអ្នកបើកបរបានចុះគេចខ្លួនបាត់ស្រមោលតែម្ដង ព្រោះទំនងជាភ័យខ្លាចថាបុកគេឲ្យរបួស ឬស្លាប់ ។

ក្រោយពេលកើតហេតុ យុវជនទាំង២នាក់មិនបានរងរបួសនោះទេ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានតំណាងខាងរថយន្តបង្កលេចមុខមកចរចាគ្នាជាមួយជនរងគ្រោះ ហើយព្រមសងការខូចខាតទៅលើម្ចាស់ម៉ូតូចំនួន100$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុដោយមិនចង់រំខានដល់សមត្ថកិច្ច៕ ជឹម ភារ៉ាដង្កោ


ចែករំលែក៖