ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបញ្ច្រាសទិស រថយន្តធុនត្រាចាប់ហ្រាំងមិនទានបុកស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានបាត់បងជីវិតនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង រវាងរថយន្តធុនត្រានិងម៉ូតូ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចមណ្ឌលសុខភាពសំរោង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចនគរបាលចរាចរខណ្ឌព្រែកព្នៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈួន ឆន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិពញាកើត ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1F-8947 មិនប្រកាន់ស្តាំ ហើយពេលមកដល់កន្លែងកើតហេតុមានរថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AZ-2016 បើកបរដោយឈ្មោះ ជា វណ្ណ: ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ធ្វើដំណើរ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងទៅត្បូង រួចបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យខ្ទាតចូលរថយន្តក្រុងដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនអ្នកបើកបររថយន្តបង្កនិងធ្វើការវាស់វែងព្រមទាំងនាំយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍រាជធានីរង់ចាំដោះស្រាយតាមក្រោយ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា


ចែករំលែក៖