ខេត្តប៉ៃលិន៖ ការប្រែល្អក់នៃទឹកស្ទឹងបរប៉ៃលិន រយៈពេល២ទៅ៣ខែកន្លងមកនេះ ត្រូវបានមតិមហាជន ពិសេសក្រុមការងារគណបក្សប្រឆាំង រិះគន់ទៅលើអាជ្ញាធរខេត្ត យ៉ាងខ្លាំង ដោយចោទប្រកាន់ថា ឃុបឃិតជាមួយឈ្មួញជីកកកាយរែងត្បូង ហើយបង្ហូរទឹកមិនល្អ ចូលមកស្ទឹងបរប៉ៃលិន ធ្វើឲ្យប្រជាពលរដ្ឋប្រើការមិនកើត ប៉ុន្តែជាក់ស្តែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយលោក កើត សុធា អភិបាលខេត្ត អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ រស់ សុខធឿន អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន លោកស្រី វ៉ែន ដារ៉ា ប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន និងជាសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានអញ្ជើញចុះទៅពិនិត្យរកមូលហេតុដែលបណ្តាលឲ្យទឹកស្ទឹងបរប៉ៃលិនប្រែល្អក់នាពេលកន្លងមក និងពិនិត្យមើលការកសាងផ្លូវក្រវ៉ាត់ព្រំដែន របស់កងកម្លាំងវិស្វកម្ម ផងដែរ ។
ជាមួយនិងដំណើរវែងឆ្ងាយក្នុងការពិនិត្យរកមូលហេតុខាងលើ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានប្រសាសន៍ដោយសំណូមពរឲ្យប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកស្ទឹងបរប៉ៃលិន ទាំងអស់កុំយល់ច្រលំអំពីបញ្ហាទឹកល្អក់ប្រើការមិនកើត មកពីក្រុមឈ្មួញរែងត្បូងឲ្យសោះ នេះគឺ មកពីការធ្វើផ្លូវតាមក្រវ៉ាតព្រំដែន ដោយភ្លៀងធ្លាក់តាមជូរភ្នំម្តងៗ វាបង្កជាទឹកហូរច្រេះដីធ្លាក់ចុះទៅតាមជ្រលងដងអូរ រួចចាក់ចូលមកស្ទឹងបរប៉ៃលិន ទើបបណ្តាលឲ្យទឹកទាំងមូលប្រែក្លាយជាល្អក់កករ នាំឲ្យប្រជាពលរដ្ឋប្រើការមិនបាន ដូច្នោះប្រការទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យស្ទឹងបរប៉ៃលិន ប្រែពីទឹកថ្លាមកជាទឹកល្អក់វិញ គឺមិនមែនមកពីការរែងត្បូងរបស់ពួកក្រុមឈ្មួញនោះទេ ។ លោកអភិបាលខេត្តប៉ៃលិន មានប្រសាសន៍បន្តថា៖ ការប្រែល្អក់នៃទឹកស្ទឹងបរប៉ៃលិន អាជ្ញាធរនិងចាត់ក្រុមការងារចុះជួយដល់បងប្អួនប្រជាពលរដ្ឋ ដែលមានការខ្វះខាត់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។
ក្នុងការអមដំណើរជាមួយអភិបាលខេត្តប៉ៃលិន លោក វ៉ែន ដារ៉ា ប្រធានគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន បានទទួលស្គាល់ថាមូលហេតុដែលទឹកស្ទឹងបរប៉ៃលិន ប្រែក្លាយជាល្អក់កករគឺដោយសារការធ្វើផ្លូវតាមក្រវ៉ាត់ព្រំដែន វាមិនមែនមកពីការរែងត្បូងរបស់ពួកឈ្មួញនោះទេ ហើយលោកបញ្ជាក់ថា កន្លងមកក៍មានមតិមហាជនមួយចំនួនបានយល់ច្រលំថាទឹកស្ទឹងបរប៉ៃលិន ល្អក់ប្រើប្រាស់មិនកើតគឺបណ្តាលមកពីពួកក្រុមឈ្មួញជីកកកាយរ៉ែងត្បូងផងដែរ ដូច្នោះសូមកុំយល់ច្រលំឲ្យសោះ ។ លោកស្រីប្រធានគណបក្សប្រឆាំងរូបនេះបានបញ្ជាក់ឲ្យដឹងដែរថា៖ស្ទឹងបរប៉ៃលិនប្រែល្អក់នៅពេលដែលមានភ្លៀងធ្លាក់មកម្តងៗតាមជួរភ្នំ បង្កជាទឹកច្រេះដី ធ្លាក់បាក់បណ្តាលឲ្យហូរចូលក្នុងទឹកស្ទឹងបរប៉ៃលិនតែម្តង ៕ ស សារ៉េត