ព័ត៌មានទាន់ហេតុការណ៍៖

បុរសមានជំងឺវិកលចរឹកម្នាក់ធ្លាក់ចូលទឺកប្រឡាយលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល និងឆោឡោ​ទាំងព្រឹកដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានព្រមទាំងក្រុមគ្រួសារ ខណៈដែលប្រទះឃើញបុរសម្នាក់លង់ទឺកប្រឡាយស្លាប់កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាដេវ ឃុំមេសថ្ងក ស្រុកចន្ទ្រា។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលសង្ស័យស្លាប់ដោយសារលង់ទឺកមានឈ្មោះ ខៀវ សារ៉េត អាយុ៣០ ឆ្នាំ ( នៅលីវ) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាដេវ ឃុំមេសថ្ងក ស្រុកចន្ទ្រា។

បើតាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើគឺមានជំងឺវិកលចរឹកតាំងពីក្មេងមកម៉្លេះ ខណៈក្រុមគ្រួសារបានយកទៅព្យាបាលដែរ ប៉ុន្តែនៅតែមិនធូរស្រាលសោះ ក៏ទុកតាមដំណើរ​ ដោយគ្រួសារនេះមិនមានថវិកាគ្រប់គ្រាន់ ក្នុងការព្យាបាល។

ប្រភពបន្តថា ដោយមុនកើតហេតុគឺមានក្មេងឃ្វាលក្របីបានប្រទះឃើញសពក្នុងទឹកប្រឡាយ ក៏មានការភ្ញាក់ផ្អើលនិងរាយការណ៏មកសមត្ថកិច្ចតែម្ដង។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់នៅទឹកប្រឡាយ ទើបកម្លាំងសមត្ថកិច្ចនគរបាលខេត្ត សហការជាមួយនគរបាលជំនាញ និងនគរបាលស្រុកបានចុះមកដល់កន្លែងកើតហេតុពិនិត្យសាកសពរួចមិនឃើញមានស្នាកស្នាមកត់សម្គាល់នោះទេ​ពិតជា​បាន​ស្លាប់​ដោយ​រអឹលជើងធ្លាក់ទឹក​ប្រឡាយពិតប្រាកដ​មែន ។

បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសព​ទៅឲ្យឪពុកម្ដាយធ្វើបុណ្យ​តាម​ប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖