ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យ បើកវេទិកាពិគ្រោះយោបល់ជាមួយពលរដ្ឋ ទាំង៧សង្កាត់ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ : នាវេលារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរខណ្ឌមានជ័យ បានបើកវេទិកាសាធារណះ ពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌ ដើម្បីលើកឡើងនូវបញ្ហាប្រឈប់ និងទុក្ខកង្វល់ប៉ះពាល់ដល់ការរស់នៅរបស់បងប្អូននាពេលបច្ចុប្បន្ន ។

អង្គពិធីខាងលើ ធ្វើឡើងក្រោមវត្តមានលោកស្រី លោកពេជ្រ កែវ មុនី អភិបាលខណ្ឌមានជ័យ និងមានការចូលរួមពីសំណាក់លោកអភិបាលរង មេបញ្ជាការអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ ចៅសង្កាត់ទាំង៧ក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ប្រព្រឹត្តិទៅក្នុងបរិវេណសាលាខណ្ឌ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ក្រុមប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដើម្បីស្នើអាជ្ញាធរខណ្ឌជួយដោះស្រាយដែលបញ្ហាទាំងនោះ រុំារ៉ៃមកយូរហើយគ្មានដំណោះស្រាយ ដូចជា បញ្ហាផ្លូវខូច ផ្លូវមិនទាន់ស្ថាបនា គ្មានប្រព័ន្ធលូបង្ហូរទឹកគ្រប់គ្រាន់ដើម្បីបញ្ហាទឹកកុំឲ្យជន់លិចផ្លូវធ្វើដំណើរ ឬលំនៅឋាន បញ្ហាល្បែងស៊ីសង និងមួយវិញទៀតគឺ បញ្ហាគ្រឿងញៀន ។

ឆ្លើយតបទៅនឹងសំណួររបស់ពលរដ្ឋ លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានឡើងមានប្រសាសន៍ឆ្លើយតប ជាមួយពលរដ្ឋថា បញ្ហាផ្លូវដែលរងការខូចខាត ហើយពុំទាន់មានការជួយជុល និងបញ្ហាគ្មានប្រព័ន្ធលូបង្ហូរទឹក ឬមានហើយ ប៉ុន្តែលូមានទំហំតូចមិនអាចហូរទាន់នោះ លោកនឹងចាត់តាំងមន្ត្រីថ្នាក់ខណ្ឌ សហការជាមួយមូលដ្ឋានចុះទៅសិក្សា រួចធ្វើរបាយការណ៍មកកាន់ថ្នាក់ខណ្ឌ ដើម្បីសិក្សាវាយតម្លៃរកដំណោះស្រាយជូនបងប្អូន ។ យ៉ាងណាមិញ តំបន់ប្រឈមទាំងនោះ លោកអភិបាលនឹងអញ្ចើញចុះទៅមើលជាក់ស្តែងផងដែរ នៅថ្ងៃខាងមុខ ដើម្បីងាយយល់ច្បាស់ពីស្ថានភាពភូមិសាស្ត្រនៅទីនោះ ងាយរកដំណោះស្រាយជូនបងប្អូនបានលឿន ។

ឈ្លៀតក្នុងឱកាសដដែល លោកអភិបាលខណ្ឌ បានសង្កត់ធ្ងន់លើបញ្ហា ល្បែងស៊ីសង ពិសេសគឺ ទីតាំងអ៊ីនធើណេត ២៤ម៉ោង ដែលកំពុងរីកស្គុះស្គាយពេញខណ្ឌ ដែលភាគច្រើនជាទីតាំងទាំងនោះជាទីតាំង ជ្រកក្រោមអាជីវកម្មរកស៊ីស្របច្បាប់ ប៉ុន្តែផ្ទៃខាងក្នុងគឺបង្កប់ពេញទៅដោយល្បែង online គ្រប់ប្រភេទ ។ ក្នុងនោះដែរ លោកអភិបាលខណ្ឌបានស្នើរអោយមន្ត្រីក្រោមឱវាទពាក់ព័ន្ធ សហការជាមួយកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តតាមដានចំពោះទីតាំង អ៊ីនធើណេតទាំងនោះ ឲ្យបានជាក់លាក់ ប្រសិនបើរកឃើញថា មានបង្កប់នូវល្បែងស៊ីសងប្រាកដមែន គឺត្រូវតែបង្ក្រាបជាបន្ទាន់ ហើយមិនបន្តអនុញ្ញាតឲ្យបើកដំណើរការទៅថ្ងៃមុខទៀតជាដាច់ខាត ។

ក្នុងឱកាសដដែល លោកអភិបាល ក៏បានលើកឡើងពីបញ្ហាសណ្តាប់ធ្នាប់ផងដែរ ដោយក្នុងនោះលោកបានបញ្ជាក់ថា ការយកចំណីផ្លូវជាកន្លែងសម្រាប់ធ្វើអាជីវកម្មលក់ដូរ គឺមានផលប្រឈម និងប៉ះពាល់ធ្ងន់បំផុត ដល់ការធ្វើដំណើរទៅមករបស់បងប្អូនពលរដ្ឋ ដោយអាចបង្កជាការកកស្ទះបានគ្រប់ពេល ពិសេសគ្រោះថ្នាក់ដោយយថាហេតុណាមួយ ។ ម្យ៉ាងវិញទៀត វាជាកត្តាដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅលើដងផ្លូវ ។

ក្នុងនាមអ្នកដឹកនាំមូលដ្ឋានខណ្ឌ លោកអភិបាល ក៏សូមអំពាវនាវដល់បងប្អូនជាអាជីវករ មុនដាក់លក់ដូរលើចំណីផ្លូវសូមគិតគូរពីបាតុភាពអនាធិបតេយ្យផង ជៀសវៀងការធ្វើអ្វីមួយដើម្បីតែបំពេញផលប្រយោជន៍ផ្ទាល់ខ្លួន តែបែរជាត្រឡប់មកបំផ្លាញសណ្តាប់ធ្នាប់ផ្លូវសាធារណៈទៅវិញនោះ ៕ តាឡឹម


ចែករំលែក៖