ព័ត៌មានទាន់ហេតុការណ៍៖

ចិនល្មោភកាមម្នាក់បៀតបៀនកេរ្តិ៍ខ្មាសកម្មករ និងបបួលទៅរួមរ័កត្រូវពួកនាងប្តឹងនគរបាលឃាត់ខ្លួនសួរនាំ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមកាម្មការិនីរោងចក្របោះពុម្ពយីហោ《 ធៀន អ៊ី》ត្រូវបាន បុរសជនជាតិចិនម្នាក់ ដែលជាអ្នកគ្រប់គ្រង នៅក្នុងរោងចក្រនោះបៀតបៀនកេរ្តិ៍ខ្មាសពួកនាង ព្រមទាំងបបួលទៅគេងរួមរ័ក ជាថ្នូរនឹងលុយម្ដង១០០ដុល្លារ។ ប៉ុន្តែពួកនាងមិនបានព្រមនោះឡើយ ហើយភ្លាមៗនោះ ពួកនាងក៏មិនហ៊ានប្តឹងសមត្ថកិច្ចដែរ ដោយខ្លាចបាត់បង់ការងារ តែដោយសារតែការបំពាននិង មើលងាយមើលថោកមកលើពួកនាងនេះ បានកើតឡើងជាបន្តបន្ទាប់ច្រើនលើកច្រើនសារ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយចាប់ខ្លួនជនជាតិចិនម្នាក់នេះ។

ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងរោងចក្របោះពុម្ព ធៀន អ៊ី ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះ Jin Xuon Ding ហៅ ឡៅ កឺ អាយុ៥២ឆ្នាំ ជនជាតិចិនមុខរបរជាអ្នកគ្រប់គ្រង រោងចក្របោះពុម្ពខាងលើ និងស្នាក់នៅក្នុងរោងចក្រនោះ។ ដោយឡែកនាងកម្មការិនីរងគ្រោះទី១,ឈ្មោះច. ម. អាយុ២៣ឆ្នាំ ។ ទី២,ឈ្មោះវ. ឡ. អាយុ១៨ឆ្នាំ ។ ទី៣,ឈ្មោះហ. ម.ល.ដ. អាយុ២៦ឆ្នាំ និងទី៤,ឈ្មោះទ. ស.ភ. អាយុ១៨ឆ្នាំ ពួកនាងទាំង៤នាក់នោះស្នាក់នៅផ្ទះជួល។

ពួកនាងបាននិយាយថា បុរសដែលជាអ្នកគ្រប់គ្រងរោងចក្រខាងលើនោះ បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ ខ្មាសពួកនាងជាបន្តបន្ទាប់ នៅក្នុងខណៈដែលពួកនាងកំពុងធ្វើការងារបុរសនោះបាន ដើរទៅជិតរួច បានលូកចាប់ស្ទាបច្របាច់គូទ និងសុដនជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះបាននិយាយបបួលពួកនាងច្រំដែលៗ ឲ្យទៅដេករួមរ័កជាមួយ ដោយសន្យាថានឹងឲ្យប្រាក់ចំនួន១០០ដុល្លារ ប៉ុន្តែពួកនាងមិនដែលយល់ព្រមនោះ ទេ ហើយក៏ធ្លាប់ស្ដីឲ្យបុរសនោះផងដែរ ប៉ុន្តែទោះជាបែបណាជនជាតិចិនខាងលើមិនព្រមឈប់ឡើយ គឺនៅតែប្រព្រឹត្តរឿងដដែលមកលើពួកនាង ទ្រាំលែងបានក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងតែម្ដង ឲ្យនគរបាលជួយរកយុត្តិធម៌ឲ្យពួកនាង ប៉ុន្តែពេលនេះពួកនាងមិនទាន់ដឹងថា នគរបាលចាត់ការទៅលើជន នោះបែបណានៅឡើយទេ ព្រោះឮថាជនម្នាក់នេះមានខ្នងអ្នកធំផង៕ សុខាសែនជ័យ


ចែករំលែក៖