ភ្នំពេញ៖ យុវជនម្នាក់ត្រូវប្រជាពលរដ្ឋជួយចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានខណៈរូបគេបានធ្វើសកម្មភាពយកដែកកែឆ្នៃចុងច្រួចទៅឆ្កិះមេសោបន្ទប់ជួលហើយត្រូវម្ចាស់ឃើញទាន់។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលក្រុម៤ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មី ឧត្តម ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរជាងជុសជុលទូរស័ព្ទស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកដើមបណ្តឹងមានឈ្មោះ គឹម សុម៉ាលី ភេទស្រីអាយុ៣៦ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅក្រុម៤ផ្លូវ២០Bផ្ទះលេខ៤៣៥ង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ ហើយបាននាំកូនទៅទិញម្ហូមពេលដើរចេញបានប្រហែល៥០ម៉ែត្រស្រាប់តែឃើជនសង្ស័យដើរមកកន្លែបន្ទប់ជួលហើយយកដែកចុងច្រួចឆ្កិះមេសោបន្ទប់លួចយកទូរស័ព្ទដៃ១គ្រឿងម៉ាក SAMSUNG S3 បំរ៉ុងរត់គេចខ្លួនតែគាត់បានស្រែកថាចោរៗធ្វើឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាជួយចាប់ជនសង្ស័យបានរួចយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆ្កិះមេសោបន្ទប់ជួលលួចយកទូរស័ព្ទដៃពិតប្រាកដមែន ។
នៅពេលឃាត់ខ្លួននោះ ប៉ូលិសបាន រកហូតវត្ថុតាងដែកកែច្នៃសម្រាប់ឆ្កឹះសោចំនួន១ និងមេសោខ្មៅចំនួន១ មានកូនចំនួន៣ ហើយជនជាប់ចោទក៏បានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆ្កឹះសោប៉ងលួចទ្រព្យសម្បត្តិគេមែនដោយសារតែខ្លួនគ្មានការងារធ្វើនិងគ្មានលុយចាយផង៕ តុង សីហា