ខេត្តពោធិ៍សាត់៖ រថយន្តមួយគ្រឿងបានបើកបុកបង្កាន់ដៃស្ពានបណ្តាលឲ្យបាក់រងការខូចខាត១២ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ។
ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅស្ពានធ្លាម្អម ចន្លោះគីឡូម៉ែត្រលេខ១៧០ ០លេខ១៧១ភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាក FUSO ពាក់ស្លាកលេខកំពង់ធំ 3A.1434 ពណ៌ស ធ្វើចររាចរណ៍ពីកើតទៅលិច បើកបរដោយឈ្មោះ ផាត ភិរម្យ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានបន្តថា ហេតុការណ៍ខាងលើនេះកើតឡើងដោយសារមូលហេតុ អ្នកបើកបរងងុយដេក បង្កឲ្យខូចខាតបង្កាន់ដៃស្ពានបាក់ប្រវែង១២ម៉េត្រ តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ៕ ប៉ឹម ពិន