ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪចុងពូកែរករឿងម្តាយ កូនប្រុសទ្រាំមិនបានយកឈើវាយបំបាក់កសម្លាប់ចោល

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីរងនូវការវាយដោយដំបងពីសំណាក់កូនចំកញ្ចឹងក ដោយយសារតែខឹងរឿងបុរសរងគ្រោះពូកែរករឿងម្តាយរបស់គេពេក។

ក្រោយបង្កជនដៃដល់រួមទាំងម្តាយបាននាំគ្នារត់គេចខ្លួន តែត្រូវសមត្ថកិច្ចស្ទាក់ចាប់បានទាំង២នាក់តែម្តង ពេលនេះកំពុងនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ករណីមនុស្សឃាតនេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិអង្គសណ្តាន ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ ។ ជនរងគ្រោះមានឈ្នោះ រ៉េត បូរ៉ាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រីឯ ជនដៃដល់ឈ្មោះ វ៉ាន បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅជាមួយម្តាយនៅភូមិកើតហេតុ ។

លោកវរសេនីយ៍ឯកខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានប្រាប់ថា ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីមនុស្សឃាតនៅចំណុចខាងលើក្រោមបញ្ជាពីលោកស្នងការនគរបាលខេត្តរូបលោកបានដឹកនាំកម្លាំងក្រោមបញ្ជាចុះទៅកាន់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ២នាក់ម្តាយកូនដែលប្រុងនាំគ្នារត់គេចខ្លួនចេញពីភូមិ។

លោកអធិការបន្តថាក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារថា មូលហេតុឈានដល់សម្លាប់នេះបណ្តាលមកពីម្តាយរបស់ខ្លួនប្រាប់ថា ឪពុកចុងរូបនេះតែងតែរករឿងឈ្លោះនិងវាយម្តាយរបស់គេអស់រយៈពេលពីរបីថ្ងៃមកហើយ។

ជនដៃដល់បន្តថាពេលឈ្លោះដំបូងនោះ រូបគេនៅធ្វើការឯភ្នំពេញនៅឡើយ ពេលលឺថាឪពុកចុងរករឿងម្តាយខ្លួន គេក៏ត្រឡប់ពីភ្នំពេញមកផ្ទះបានមួយយប់ ស្រាប់តែឃើញឪពុកចុងបង្ករករឿងឈ្លោះជាមួយម្តាយរបស់ខ្លួនទៀត ដោយមានចិត្តខឹងក៏យកឈើជ្រុងវ៉ៃបំបាក់កសម្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញសតុរៀបចំធ្វើបុណ្យ ដោយឡែកម្តាយ និងកូន សមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕ សេនាស័ក្តិ


ចែករំលែក៖