ព័ត៌មានទាន់ហេតុការណ៍៖

កុមារីដែលអ៊ុំចាប់ជំរិតនោះត្រូវបានសមត្ថកិច្ចនាំមកដល់ផ្ទះប្រគល់ជូនឪពុកម្តាយវិញហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ សោម បូរ៉ា ស្នងការរងទទួលបន្ទុកយុត្តិធម៌បានប្រាប់នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់អភិបាលខេត្តកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសបាននៅខេត្តកំពង់ឆ្នាំង ។

លោកស្នងការរងបន្តថា ក្នុងប្រតិបត្តិការតាមបង្ក្រាបករណីចាប់ជំរិតនេះដែរ សមត្ថកិច្ចបានរក្សាសុវត្ថិភាព និងសន្តិសុខដល់កុមារីរងគ្រោះ និងបាននាំនាងមកប្រគល់ជូនឪពុកម្តាយវិញហើយ ។

ប្រជាពលរដ្ឋជាច្រើនភូមិបានមកចោមរោមមើល និងសាទរចំពោះសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ដែលអាចបំបែកករណីចាប់ជំរិតនេះបានដោយជោគជ័យ ។ ជាពិសេសគឺកុមារីរងគ្រោះមិនប៉ះពាល់ដល់អាយុជីវិតកុមារីរងគ្រោះ ក្នុងនោះផងដែរមជ្ឈដ្ឋានប្រជាពលរដ្ឋ ក៏បានសម្តែងនូវការដឹងគុណចំពោះសមត្ថកិច្ចនគរបាលយ៉ាងក្រៃលែងដែលម្នាក់ៗ ខណៈដែលឃើញនាងត្រឡប់មកដល់ផ្ទះ មានក្តីរំភើបរីករាយ អ្នកខ្លះហូរទឹកភ្នែកមកដោយមិនដឹងខ្លួន ។

ឪពុកកុមារីរងគ្រោះបានថ្លែងថា រយៈពេលដែលបាត់កូ​ន រូបលោក និងភរិយាកើតទុក្ខឥតឧបមា បាយមិននឹក ទឹកមិនស្រេក តែនៅពេលដែលទទួលដំណឹងថា សមត្ថកិច្ចចាប់ជនសង្ស័យ និងរំដោះកូនខ្លួនបានហើយ ធ្វើឲ្យរូបលោក និងភរិយាមានក្តីសប្បាយរីករាយជាអនេក ។

ការជួបក្រោមដំណក់ទឹកភ្នែកនៅពេលដែលសមត្ថកិច្ចនាំកូនស្រីរបស់ខ្លួនមកដល់ផ្ទះ ដោយក្តីរំភើប រូបលោក និងភរិយាបានស្ទុះទៅឱបកូនទាំងទឹកភ្នែករលីងរលោង ។ ការព្រាត់ប្រាស់ដែលមិននឹកស្មានថា ជួបវិញនេះ បានចាប់ផ្តើម​មានក្តីសង្ឃឹមជាថ្មីនៅពេលដែលរូបខ្លួន និងកូនបានឈរឱបគ្នាក្រោមក្រសែភ្នែកមហាជនយ៉ាង​ច្រើនកុះករ លោកក៏អរគុណប្រជាពលរដ្ឋនៅក្នុងភូមិ ដែលបានមកសួរសុខទុក្ខ និងសម្តែងក្តីរីករាយជាមួយក្រុមគ្រួសាររបស់លោកនៅពេលនេះ ។

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧​ មានករណីបាត់ក្មេងស្រីពីសាលារៀន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តាមស្វែងរកគ្រប់ច្រកល្ហក។ កុមារីរងគ្រោះឈ្មោះ ម៉ុន រស្មី អាយុ៨ឆ្នាំ រស់នៅជាមួយឪពុកម្តាយក្នុងភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយបាត់ខ្លួនមួយថ្ងៃ ស្រាប់តែមានទូរស័ព្ទអនាមិកតេចូលឪពុករបស់នាង ដោយប្រាប់ថា នាងត្រូវគេចាប់ជំរិត ក្រោយមក ទើបបុរសជាឪពុកបានសហការជាមួយសមត្ថកិច្ច រហូតដល់កំណត់មុខសញ្ញាបាន និងវេរលុយតាមវីងទៅឲ្យជនសង្ស័យ ដែលលាក់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង តាមការទាមទារចំនួន៤ពាន់ដុល្លារ ក្រោយការចរចា ទើបបុរសជាឪពុកដឹងថា អ្នកដែលចាប់ជំរិតកូនរបស់ខ្លួននោះ គឺជាបងស្រីជូនដូនមួយរបស់ខ្លួន ។

ក្រោយឃាត់ខ្លួនបានស្ត្រីសង្ស័យឈ្មោះ សេង សុខលី អាយុ៣៨ឆ្នាំ រស់នៅ ភូមិកន្ទោក សង្កាត់កន្ទោក ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនពីខេត្តកំពង់ឆ្នាំងមកខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ សេនាស័ក

 


ចែករំលែក៖