ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងដែលមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ដំបូលប្រក់ហ្វីប្រូ ជញ្ជាំងស័ង្កសី រនាបក្ដារ តយ៉ាបទៅក្រោយ៤ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងម្ចាស់ផ្ទះនាំគ្នាជួយពន្លត់ ខ្លះដងទឹកជះ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៏បានដោយហួសពេលទៅហើយៗម្ចាស់ផ្ទះបានត្រឹមតែឈសម្រក់ទឹកភ្នែក។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិ ចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខណៈម្ចាស់ផ្ទះអះអាងថា ករណីនេះបណ្តាលទុស្សេខ្សែភ្លើង។
យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ កែន អ៊ិត ភេទស្រី អាយុ៧៥ឆ្នាំ មុខរបរកសិករ នៅភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានសមាជិកគ្រួសារសរុបចំនួន៦នាក់។
បើតាមលោកស្រី កែន អ៊ិតបានរៀបបរាប់ទាំងទឹកភ្នែកថា ចំពោះសម្ភារដែលខូចខាត រួមមានថវិកាប្រហែល ១.០០០ដុល្លារ, ស្រូវចំនួន៥បាវធំ, ទូរទស្សន៍២គ្រឿង, កង្ហារ៤, គ្រែប្រអប់១, ទូរខោអាវ១, ទូរចាន១, កាតប្រាក់សន្សំធនាគារ១, ប្លង់ដី១, សំបុត្រកំណើតទាំងអស់ និងសៀវភៅគ្រួសារមួយក្បាលផង។
ប្រភពបន្តថា ក្រោយពីកើតហេតុគាត់ និងក្រុមគ្រួសារគ្មានសេសសល់អ្វីទៀតទេ មានតែខោអាវជាប់ខ្លួនតែប៉ុណ្ណោះ ព្រោះមួយប៉ប្រិចភ្នែកទ្រព្យសម្បត្តិត្រូវបានរលាយម៉ត់ក្នុងភ្លើង ដូច្នេះសម្រាប់គ្រួសារគាត់មានតែលើកម្រាមដៃដប់ដើម្បីសុំអាជ្ញាធរមូលដ្ឋានជួយដល់ក្រុមគ្រួសារគាត់ផងប៉ុណ្ណោះ៕ យឹម សុថាន